ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី ចូលកាន់តែកៀក នៅចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង គៀវ 

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើន ស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់ និងធំជាងការរំពឹងទុក ឬទទួលស្គាល់ដោយវិមានក្រឹមឡាំង”។ 

យោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ចុងក្រោយបង្អស់ពីក្រសួង គឺ”រុស្ស៊ីមិនទាន់ទទួលបានការគ្រប់គ្រងលើដែនកាសលើអ៊ុយក្រែន ដែលនេះវាបានកាត់បន្ថយប្រសិទ្ធភាព របស់កងទ័ពអាកាសរុស្ស៊ីយ៉ាងខ្លាំង” ។ ក្រសួងបាននិយាយថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បន្តដាក់ការតស៊ូយ៉ាងតឹងរ៉ឹង នៅទូទាំងប្រទេស” ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលនៅតែតស៊ូ បានប្រាប់ពលរដ្ឋថា រដ្ឋធានីគៀវ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយ “ការប្រយុទ្ធនៅតែបន្ត” នៅក្នុងសារវីដេអូចុងក្រោយរបស់គាត់ កាលពីថ្ងៃសៅរ៍។ មុននេះ ការផ្ទុះជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេលឺ ខណៈដែលក្រសួងមហាផ្ទៃ របស់ប្រទេសនេះបានព្រមានពី “ការប្រយុទ្ធយ៉ាងសកម្ម” នៅក្នុងរដ្ឋធានី៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top