ព័ត៌មានអន្តរជាតិ

មកដឹងពីចំនួនអាវុធ នុយក្លេអ៊ែរ រុស្ស៊ី មានក្នុងដៃ អាចគំរាមគំហែង អ៊ុយក្រែន និងធ្វើឲ្យពិភពលោក ព្រួយបារម្ភ

មកទល់ពេលនេះ ពិភពលោកបានឃើញការ វាយប្រហារនុយក្លេអ៊ែរ តែពីរដងប៉ុណ្ណោះ ទាំង២លើកនោះ គឺក្នុងអំឡុង សង្គ្រាមលោកលើកទី២។

នៅការប៉ះទង្គិចដោយយោធារវាងរុស្ស៊ី និងអ៊ុយក្រែន នាពេលនេះ បានធ្វើឲ្យពិភពលោក ព្រួយបារម្ភថាតើលោក ពូទីន មានឆន្ទៈទៅដល់កម្រិតណា ហើយលទ្ធភាព នៃសង្គ្រាមលោកលើកទី៣ អាចកើតឡើងដែរឬទេ ។ មានប្រទេសចំនួន ៩ ប៉ុណ្ណោះ ដែលមានអាវុធនុយក្លេអ៊ែរ តែភាគច្រើនគ្មានប្រទេសណា ចង់ប្រើនុយក្លេអ៊ែរឡើយ។

សម្រាប់លោកប្រធានាធិបតី ពូទីន គឺមិនប្រាកដ ឡើយថានឹងឈានដល់សង្គ្រាម អាវុធនុយក្លេអ៊ែរ ឬក៏អត់។ ជុំវិញបញ្ហាការវាយលុក របស់រុស្ស៊ីទៅលើអ៊ុយក្រែន ពូទីន បានដាក់កងកម្លាំង នុយក្លេអ៊ែររបស់រុស្ស៊ី ហើយប្រកាសអាសន្ន “ពិសេស” ដែលធ្វើឱ្យមានការព្រួយ បារម្ភជុំវិញពិភពលោក ។

ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់លោក ប្រហែលជាត្រូវបានបកស្រាយថា ជាការព្រមានដល់ប្រទេសផ្សេងទៀត កុំឱ្យបង្កើនការចូលរួមរបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែន ជាជាងការបង្ហាញពីបំណងប្រាថ្នាណាមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ឃ្លាំងអាវុធនុយក្លេអ៊ែររុស្ស៊ី បច្ចុប្បន្នគឺធំជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក។ ប្រសិនបើរុស្ស៊ី និងអាមេរិកឈានទៅធ្វើសង្រ្គាម នោះសង្រ្គាមនុយក្លេអ៊ែរ អាចផ្ទុះឡើងម្តងទៀត ។ រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦,២៥៧ គ្រាប់ក្នុងនោះ ១,៤៥៦ គ្រាប់ត្រូវបានដាក់ពង្រាយ ហើយរុស្ស៊ីបានធ្វើការ សាកល្បង នុយក្លេអ៊ែរជាផ្លូវការចំនួន ៧១៥ ដងរួចមកហើយ ។

ជាការប៉ាន់ប្រមាណតួលេខ ទាំងអស់ សម្រាប់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី យោងទៅតាមសហព័ន្ធ អ្នកវិទ្យាសាស្ត្រអាមេរិក ប្រទេសរុស្ស៊ីមានក្បាលគ្រាប់ នុយក្លេអ៊ែរចំនួន ៥,៩៧៧ ដែលជាឧបករណ៍ ដែលបង្កឱ្យមានការផ្ទុះនុយក្លេអ៊ែរ នេះរួមបញ្ចូលទាំង ១,៥០០ ដែលត្រូវបានដាក់ឲ្យលែងប្រើ។

ក្នុងចំណោម ៤,៥០០ ឬច្រើនជាងនេះ ដែលនៅសេសសល់ ភាគច្រើនត្រូវបានចាត់ទុកថា ជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដូចជា កាំជ្រួចផ្លោង ឬគ្រាប់រ៉ុក្កែត ដែលអាចត្រូវបានកំណត់ គោលដៅក្នុងរយៈចម្ងាយឆ្ងាយ ។ អាវុធ​នុយក្លេអ៊ែរ​ ដែលនៅសេសសល់គឺមានទំហំតូចជាង អាវុធនុយក្លេអ៊ែដែលបំផ្លិចបំផ្លាញ សម្រាប់ប្រើប្រាស់ក្នុងរយៈចម្ងាយខ្លី នៅលើសមរភូមិ ឬនៅសមុទ្រ ៕

Most Popular

To Top