ខេត្តកណ្តាល៖ក្រុមបាល់ទាត់ TN kandal FC និងក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលបានដឹកដៃគ្នាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីទំាង២ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ ។
ក្រុមបាល់ទាត់ TN kandal FC បានយកឈ្នះលើក្រុមបាល់ទាត់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាលក្នុងលទ្ធផលបច្ចេកទេស ១ ទល់ ០ ខណៈក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលក៏បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុកកៀនស្វាយក្នុងលទ្ធផលបច្ចេកទេស ៣ ទល់ ១ ដូច្នេះក្រុមបាល់ទាត់ TN kandal FC និងក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ គឺក្រុមបាល់ទាត់យុវជនស្រុកល្វាឯមប៉ះជាមួយក្រុមបាល់ទាត់យុវជនស្រុកស្វាយរលំ FC វេលាម៉ោង២រសៀល ចំណែកក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលប៉ះជាមួយក្រុមបាល់ទាត់យុវជនក្រុងតាខ្មៅវេលាម៉ោង៣.៤៥នាទីរសៀល។
ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។ ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។
ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕ដោយ៖លី ភីលីព