កីឡា

លោក ស សុខា ៖ការរៀបចំពានរង្វាន់បាល់ទះនារី អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្នុងគោលបំណង សំខាន់ៗចំនួន៣

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ “ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២”និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាលកម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ក្នុងរាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្នុងពិធីបិទការប្រកួតជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងថ្នាក់ដឹកនាំមន្រ្តីរបស់សហព័ន្ធជាច្រើនរូបទៀត។

ការប្រកួតបាល់ទះនារី អបអរសាទរ «ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២» នេះមានក្រុមចំនួន៤ ចូលរួមមានក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ក្លិបកីឡាបាល់ទះមន្ទីរអប់រំកាយ និងកីឡាខេត្តពោធិសាត់ ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងក្លិបកីឡាបាល់ទះមន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ចាម ។

សម្រាប់លទ្ធផល ក្លិបកីឡាបាល់ទះមន្ទីរអប់រំកាយ និងកីឡាខេត្តពោធិសាត់ទទួលបានចំណាត់ថ្នាក់លេខ១ ក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ២ និងក្លិបកីឡាបាល់ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក។ នេះជាប្រវត្តិសាស្ត្រមួយដែលមានការរៀបចំសម្រាប់បាល់ទះនារី ប្រកួតស្តង់ដារលើទីលានស្តង់ដារ ហើយជាការផ្តល់ឱកាសដល់កីឡាការិនីនានា បានបង្ហាញសមត្ថភាពជាការបើកច្រកមួយសម្រាប់អនុគណៈកម្មការជ្រើសរើសកីឡាករកីឡាការិនី សម្លឹងមើលកីឡាករ-ការិនីមានសមត្ថភាព ដើម្បីប្រមូលផ្តុំត្រៀមកីឡាការិនីជម្រើសជាតិ ព្រោះSEA GAMES ឆ្នាំ២០២៣ យើងជាម្ចាស់ផ្ទះចាំបាច់ត្រូវមានក្រុមចូលរួម។ យើងមានផែនការដើរជ្រើសរើសកីឡាការិនីតាមខេត្តដែលមានទេពកោសល្យ កាយសម្បទា ដើម្បីចូលរួមក្រុមជម្រើសជាតិផងដែរ។

លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំដំបូងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំឲ្យមានការប្រកួតពានសម្រាប់នារី ហើយយើងជឿជាក់ថា អាចបន្តកម្មវិធីប្រកួតបែបនេះទៀត នាពេលខាងមុខ។ ក្នុងការរៀបចំពានរង្វាន់បាល់ទះនារី អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងសំខាន់ៗ ៣ ដូចជា ទី១. ចូលរួមចំណែកអបអរសាទរ ខួបលើកទី១១១ និងលើកកម្ពស់សមភាពយេនឌ័រ ដែលស្ត្រីមានសិទ្ធិស្មើនឹងបុរស ក្នុងកិច្ចការងារគ្រប់បែបយ៉ាងមិនថាការងារនយោបាយ ការងារសង្គម ឬកីឡាទេ។

លោកបានបន្តថា ក្នុងនោះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ។ ទី២. លើកកម្ពស់ អភិវឌ្ឍន៍ និងបំផុសចលនាបាល់ទះនារី អោយកាន់តែផុសផុលឡើងក្នុងអាណត្តិទី៧ របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងបណ្ដុះបណ្ដាលអោយបានកីឡាការិនីចូលជម្រើសជាតិ ដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ពេលខាងមុខ។ ៣. ផ្ដល់ឱកាសអោយកីឡាការិនី បង្ហាញសមត្ថភាព និងកម្ដៅសាច់ដុំ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតសំខាន់ៗ នាពេលខាងមុខ៕ដោយ៖លី ភីលីព

Most Popular

To Top