សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា លោក Yoon Suk-yeol មកពីគណបក្សប្រឆាំងអភិរក្សនិយម People Power Party បានទទួលជ័យជម្នះ យ៉ាងស្វិតស្វាញបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ចំពេលមានសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការផ្ទេរអំណាច ។
លោក Yoon ទទួលបានការគាំទ្រ ៤៨,៥៦ភាគរយ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើង កាលពីថ្ងៃពុធ ដោយបានយកឈ្នះគូប្រជែងសេរីរបស់គាត់ ដោយកម្រិតតិចតួចបំផុត នេះបើយោងតាមលទ្ធផលចុងក្រោយ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Lee Jae-myung មកគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ទទួលបានសំឡេងគាំទ្រ៤៧,៨៣ភាគរយ ហើយលោក Sim Sang-jung មកគណបក្សយុត្តិធម៌រីកចម្រើនទទួលបានសំឡេងគាំទ្រ២,៣៧ភាគរយ ។
លោក Yoon បានប្រារព្ធពិធី ជាមួយមន្ត្រីបក្សយ៉ាងសប្បាយរីករាយនៅអគាររដ្ឋសភា ដោយថ្លែងនៅក្នុងសុន្ទរកថាដែលផ្សាយថា វាគឺជាជ័យជម្នះ របស់ប្រជាជនដ៏អស្ចារ្យ ។
ប្រធានាធិបតីជាប់ឆ្នោត បានថ្លែងអំណរគុណដល់គូប្រជែងរបស់គាត់គឺលោក Lee និង Sim ដែលបានប្រកួតប្រជែងជាមួយគាត់រហូតដល់ទីបញ្ចប់ ដោយថ្លែងថាប្រទេសទាំងមូលគួរតែធ្វើការជាមួយគ្នានិងរួបរួមគ្នា នៅគ្រាដែលការប្រកួតប្រជែងបានបញ្ចប់ ។
សម្រាប់ការបោះឆ្នោតរបស់លោក Yoon បានបង្ហាញពីសេចក្តីប្រាថ្នាដ៏មុតមាំ ក្នុងចំណោមអ្នកគាំទ្ររបស់គាត់ សម្រាប់ការផ្ទេរអំណាច ពីរដ្ឋាភិបាលសេរីបច្ចុប្បន្នលោក Moon Jae-in ទៅកាន់ប្លុកអភិរក្ស ។
លោក Yoon បានថ្លែងនៅក្នុងសារនាឆ្នាំថ្មី របស់គាត់កាលពីដើមឆ្នាំនេះថា “នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ខ្ញុំនឹងធ្វើឱ្យការផ្ទេរអំណាចក្លាយជាការពិត ហើយរដ្ឋាភិបាលថ្មីរបស់ខ្ញុំនឹងបង្កើតការផ្លាស់ប្តូរ” ។
លោក Yoon បានសន្យាថា នឹងសម្រេចបាននូវសន្តិភាព និងសុវត្ថិភាពប្រកបដោយនិរន្តរភាព នៅលើឧបទ្វីបកូរ៉េ តាមរយៈការលុបបំបាត់ នុយក្លេអ៊ែរ ពេញលេញ និងអាចផ្ទៀងផ្ទាត់បាននៃឧបទ្វីបនេះ។
លោកបានប្តេជ្ញាថា នឹងមានវិធានការ ដែលអាចធ្វើទៅបានដើម្បីបន្តការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលជាប់គាំងនៅឧបទ្វីប ដោយសហការជាមួយសហរដ្ឋអាមេរិក ៕