បរទេស៖ ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំជំនួយយោធាពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះ ត្រូវបានក្រសួងការបរទេសចិន បានចោទទៅមន្ត្រីសហរដ្ឋអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនេះដោយមានចេតនាអាក្រក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទដោយឆ្លើយនឹងសំណួររបស់អ្នកកាសែតបរទេសអំពីថាតើប្រទេសចិននឹងផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីដោយអាវុធដែរឬទេថា “សហរដ្ឋអាមេរិកបាននិងកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសចិន អំពីបញ្ហាអ៊ុយក្រែននាពេលថ្មីៗនេះ ដោយមានចេតនាអាក្រក់” ។
លោកបានបន្ថែមថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែនគឺស្រប និងច្បាស់លាស់ ហើយយើងតែងតែដើរតួនាទីស្ថាបនាក្នុងការបញ្ចុះបញ្ចូលឱ្យមានសន្តិភាព និងការលើកកម្ពស់កិច្ចចរចា”។ លោក Zhao ក៏បានអំពាវនាវឱ្យភាគីដែលបះបោរ អនុវត្តការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង ជាជាងជំរុញឱ្យពួកគេ ខណៈចិនទទូចថាប្រទេសទាំងអស់គួរតែជំរុញឱ្យមានដំណោះស្រាយការទូតវិញ៕ប្រែសម្រួលៈ ណៃ តុលា
China accuses US of disinformation — RT Russia & Former Soviet Union