ប្រទេសរុស្ស៊ីក្រោមការដឹកនាំ និងបទបញ្ជារបស់បុរសខ្លាំងពូទីន កាលពីពេលថ្មីៗនេះ បានជ្រើសរើស និងចុះបញ្ជីយុទ្ធជនចំនួនជាង ៤០,០០០នាក់ហើយ ពីកងទ័ពប្រទេសស៊ីរី ដែលសុទ្ធសឹងតែជាកងទ័ពស្ទាត់ជំនាញ មានបទពិសោធន៍ នៅក្នុងសង្គ្រាមស៊ីវិលជាង១១ឆ្នាំ ដើម្បីត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយ និងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២។
វិមានក្រឹមឡាំងកាលពីពេលកន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ៗ ថា ខ្លួនស្វាគមន៍ជានិច្ច សម្រាប់ក្រុមអ្នកស្ម័គ្រចិត្ត ដែលរួមមានទាំងអ្នកស្ម័គ្រចិត្ត មកពីប្រទេសស៊ីរីផងដែរ ដើម្បីប្រកៀកស្មាជាមួយកងទ័ពរុស្ស៊ី ប្រយុទ្ធវាយលុកនៅក្នុងប្រទេសអ៊ុយក្រែនជាបន្តទៀត ។
លើសពីនេះទៅទៀត អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights នៅប្រទេសស៊ីរីផ្ទាល់ បាននិយាយ នៅក្នុងការសម្របសម្រួល ជាមួយយោធាស៊ីរីនិងកងជីវពល ដែលជាសម្ព័ន្ធមិត្ត រុស្ស៊ីថា ខ្លួនបានបង្កើតការិយាល័យចុះឈ្មោះ ទទួលយកកងទ័ពជួយទៅច្បាំង ជាមួយអ៊ុយក្រែន ជាបន្តបន្ទាប់ហើយ ។
សូមជម្រាបថា បើតាម លោក Rami Abdel Rahman ដែលប្រធាន ក្រុមឃ្លាំមើលបានលើកឡើងថា «មកដល់ពេលឥឡូវនេះ ពលរដ្ឋស៊ីរី ជាង ៤០,០០០នាក់ បានចុះឈ្មោះកៀកស្មាជាមួយរុស្ស៊ី ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន » Source: Sabay