បរទេស៖ថ្លែងទៅកាន់បណ្តាញប៉ុសវិទ្យុកាលពីថ្ងៃអង្គារម្សិលមិញនេះមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងគៀវលោក Alexey Danilov បានបញ្ជាក់ថាអ៊ុយក្រែននៅពេលនេះចាំបាច់កំពុងត្រូវការសម្ព័ន្ធមិត្តទាំងឡាយដែលជាប្រទេសមានបំពាក់ជាមួយនឹងអាវុធនុយក្លេអ៊ែរដូចជាអង់គ្លេសជាដើមដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។
លោក Danilov ប្រធានក្រុមប្រឹក្សាជាតិកិច្ចការងារការពារនិងសន្តិសុខជាតិ NSDC បានបញ្ជាក់ប្រាប់ទៅកាន់វិទ្យុ NV Radio នៅក្នុងទីក្រុងគៀវថា៖ពិភពលោកទាំងមូលបានដឹងនិងយល់រួចមកហើយថាតើអ្វីបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនរបស់យើងប៉ុន្តែមិនមានប្រទេសណាមួយដែលបានធ្វើការឆ្លើយតបបានសមរម្យចំពោះហេតុការណ៍នេះនៅឡើយ។
លោក Danilov បន្តថា៖ប្រទេសជាច្រើនខ្វាយខ្វល់តែចំពោះរឿងលុយកាក់ប៉ុណ្ណោះជាជាងតម្លៃនៃប្រជាធិបតេយ្យហើយទុកអ៊ុយក្រែនចោលក្នុងស្ថានភាពដ៏លំបាកប៉ុន្តែយើងក៏មានប្រទេសជាច្រើន
ស្ថិតនៅខាងយើងផងដែរទោះបីជាយ៉ាងណាក្តី។
លោកបញ្ជាក់ទៀតថា៖នៅពេលនេះអ៊ុយក្រែនចាំបាច់ត្រូវតែបង្កើតនូវសម្ព័ន្ធមិត្តថ្មីដែលអាចមានសមត្ថភាពគ្រាប់នុយក្លេអ៊ែរហើយក្នុងនោះមានដូចជាប្រទេសអង់គ្លេសជាដើម។
គួរឲ្យដឹងដែរថាក្នុងថ្ងៃជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទើបតែបានធ្វើការរិះគន់ចំៗថាអង្គការណាតូកំពុងមានភាពចុះខ្សោយខ្លាំងពាក់ព័ន្ធទៅនឹងសំណូរអំពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកនៅក្នុងកិច្ចការងារការពារដល់សមាជិករបស់ខ្លួន៕