អតីតកីឡាករ កាយវប្បកម្ម Arnold Schwarzenegger បានធ្វើវីដេអូផ្ញើទៅពលរដ្ឋរុស្ស៊ី និងទាហានទាំងអស់ថាប្រធានាធិបតីពូទីន កំពុងប្រឌិតរឿង ដើម្បីកុហកបោកពួកគេហើយ។
តារាល្បីរបស់ពិភពលោក Arnold Schwarzenegger ជាអ្នកនយោបាយ តារាសម្ដែង អ្នកផលិតភាពយន្ត អ្នកជំនួញ អ្នកនិពន្ធ និងជាអតីតកីឡាករកាយវប្បកម្មផងនោះ បាននិយាយថារដ្ឋាភិបាលរុស្ស៊ី និយាយកុហកពលរដ្ឋខ្លួនឯង ជាពិសេសទាហាន ដើម្បីបញ្ជូនពួកគេទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនហើយ ។ លោក Arnold បានប្រាប់ឱ្យគ្រប់គ្នា ស្ដាប់លោកឱ្យច្បាស់ថាពលរដ្ឋរុស្ស៊ីដល់ទៅ១១លាននាក់ឯណោះ ដែលមានសាច់ញាតិនៅអ៊ុយក្រែន ដូច្នេះហើយប្រសិនបើអ្នកបាញ់ពួកគេ ដូចអ្នកបាញ់បងប្អូនឯងអីចឹងដែរ។
បុរសវ័យ៧៤ឆ្នាំបាននិយាយទៀតថា៖ “ទៅលោកពូទីន ខ្ញុំអាចនិយាយថា អ្នកបានចាប់ផ្ដើមសង្គ្រាមនេះ អ្នកជាអ្នកដឹកនាំសង្គ្រាមនេះ អ្នកអាចបញ្ឈប់វាបាន។ ខ្ញុំសួរអ្នក ហេតុអ្វីអ្នកលះបង់យុវជនទាំងអស់នោះដើម្បីមហិច្ឆតាខ្លួនឯង? អ៊ុយក្រែន ជាប្រទេសដែលមានប្រធានាធិបតីជាជនជាតិជ្វីហ្វ ហើយខ្ញុំអាចបញ្ជាក់ថា បងប្អូនរបស់ឪពុកគាត់សុទ្ធតែត្រូវស្លាប់ដោយពួកណាស៊ី ។ អ្នកឃើញទេ អ៊ុយក្រែនមិនបានចាប់ផ្ដើម សង្គ្រាមនេះទេ ទាំងអ្នកជាតិនិយម ឬណាស៊ីស ។ អ្នកកាន់អំណាចនៅវិមានក្រឹមឡាំង បានចាប់ផ្ដើមសង្គ្រាមនេះ។ វាមិនមែនជាសង្គ្រាមដែលកើតឡើងដោយប្រជាជនរុស្ស៊ីទេ”។
រំលឹកថាសង្គ្រាម នៅអ៊ុយក្រែន គឺជាការបញ្ជាផ្ទាល់ របស់លោកពូទីន ឱ្យបានឱ្យរាប់រាប់ម៉ឺននាក់ វាយលុកចូលតាំងពីថ្ងៃ២៤ ខែកុម្ភៈឆ្នាំ២០២២មក ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងឈ្នះចាញ់នោះទេ តែទាហានរុស្ស៊ី ត្រូវបានគេដឹងថា ស្លាប់ច្រើនខ្លាំងណាស់ ព្រោះពួកគេសម្រុកទាំង កម្រោលចូលក្រុងគៀវ ។ ដោយឡែករុស្ស៊ី ក៏ទទួលបានទណ្ឌកម្មខ្លាំង ពីស្ទើរគ្រប់ប្រទេសផងដែរ ធ្វើឱ្យពលរដ្ឋ ខ្លួនឯងរាប់ពាន់នាក់ ចូលរួមតវ៉ាប្រឆាំងសង្គ្រាម មួយនេះ ។ ទោះជាយ៉ាងនេះក្ដី លោកពូទីន នៅតែបញ្ជាក់ជំហរខ្លួន ថាសង្គ្រាមអ៊ុយក្រែននេះ ត្រូវតែបន្ដ និងសម្រេច តាមគោលដៅឱ្យបាន៕