NAGOYA៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្សែដំឡើងចំនួន៨របស់ខ្លួន នៅប្រទេសជប៉ុន នឹងត្រូវផ្អាកសម្រាប់រយៈពេល ២ថ្ងៃបន្ថែមទៀត ដោយសារបញ្ហាក្នុងការធានាគ្រឿងបន្លាស់ ពីអ្នកផ្គត់ផ្គង់ដែលរងផលប៉ះពាល់ ដោយការរញ្ជួយដីដ៏ខ្លាំង កាលពីសប្តាហ៍មុន នៅភាគឦសានរបស់ប្រទេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការផ្អាកនៅរោងចក្រចំនួន៦ ចាប់ពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រកាសមុន ដោយក្រុមហ៊ុនផលិតរថយន្តថា ១៨ ខ្សែនៅរោងចក្រចំនួន ១១ នឹងត្រូវទុកចោលរហូតដល់៣ថ្ងៃ នៅចន្លោះថ្ងៃច័ន្ទដល់ថ្ងៃពុធ។ ក្រុមហ៊ុន Toyota ប៉ាន់ប្រមាណថា ការផ្អាកនេះ នឹងបណ្តាលឲ្យបាត់បង់ទិន្នផល រថយន្តប្រហែល ៣0,000 គ្រឿង កើនឡើងប្រហែល ១0,000 ពីការប៉ាន់ប្រមាណពីមុនរបស់វា។
ការប៉ាន់ស្មានពីមុនបានគិតគូរពីផលប៉ះពាល់ នៃការបិទជាបណ្តោះអាសន្ន នូវរោងចក្រចំនួន២ ក្នុងតំបន់ភាគឦសាន បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រកាលពីថ្ងៃពុធសប្តាហ៍មុន។ ខ្សែសរុបចំនួន ១៩ នៅរោងចក្រចំនួន ១២ រួមទាំងរោងចក្រដែលផលិត RAV4, Land Cruiser និងរថយន្តម៉ាក Lexus ទំនើបៗ ឥឡូវនេះបានរងផលប៉ះពាល់ ដោយការបិទទាក់ទងនឹងរញ្ជួយដី។
ការរញ្ជួយដីនៅខេត្ត Fukushima បានធ្វើឲ្យមនុស្ស ៣នាក់ស្លាប់ និងជាង ២00 នាក់បានរងរបួស ខណៈបណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងការរំខានចរាចរណ៍៕ ដោយ៖លី ភីលីព