ភ្នំពេញ៖នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានកោះប្រជុំជាមួយក្រុមប្រតិភូប្រដាល់សកលកម្ពុជាត្រៀមចេញ ទៅចូលរួមហ្វឹកហាត់ និងប្រកួតនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យឯកសារសំខាន់ៗ សម្រាប់ចូលរួមប្រកួត និងធ្វើដំណើរ ធ្វើការណែនាំពីនីតិវិធីធ្វើការហោះហើរ និងប្រកួត និងផ្តាំផ្ញើរការសួរសុខទុក្ខ និងពាំនាំនូវអនុសាសន៍ របស់ថ្នាក់ដឹកនាំសហព័ន្ធ ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់សាកលកម្ពុជា បាននិយាយថា ការហ្វឹកហាត់ពីថ្ងៃទី២៦ ដល់ ៣១ ខែមីនា ទើបចាប់ផ្តើមប្រកួតពីថ្ងៃទី០១ ដល់ ១០ ខែមេសាដើម្បីត្រៀមការប្រកួត SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ។ សម្រាប់គម្រោងហ្វឹកហាត់ នៅបារាំងគឺរយៈពេល ២១ថ្ងៃ ឆ្លៀតក្នុងឱកាសនេះ ក៏បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ រួមមានស្បែកជើងរត់ អាវយឺតហ្វឹកហាត់ និងកាតាប និងបានពាំនាំយកថវិកាឧបត្ថម្ភ លើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ សហព័ន្ធដល់ក្រុមប្រតិភូទាំង ០៤រូប រួមមានថវិកាឧបត្ថម្ភរបស់លោក ម៉ម ប៊ុននាង ប្រធានកិត្តិយស ចំនួន ៣០០,០០០ រៀល ក្នុង ១នាក់ សរុប ១,២០០,០០០ រៀល។ថវិកាឧបត្ថម្ភ លោក តាវ ម៉េងហួរ អនុប្រធានកិត្តិយស ចំនួន ៤០០,០០០ រៀល ក្នុង ១នាក់ សរុប ១,៦០០,០០០ រៀល។
លោកបានបន្តថា ថវិកាផ្ទាល់ខ្លួនរបស់ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ ចំនួន ៣០០,០០០ រៀល ក្នុង ១នាក់ សរុប ១,២០០,០០០ រៀល។ សរុបថវិកាក្នុង ១នាក់ ទទួលបានប្រាប់ឧបត្ថម្ភ ១,០០០,០០០ រៀល ជាមួយគ្នានេះ លោក ខេស៊ី បាណេត ក៏បានឧបត្ថម្ភថវិកា ១,៤៥០ ដុល្លារអាមេរិក សម្រាប់ការចំណាយបង់ថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ថ្លៃធ្វើតេស្តិ៍ PCR និងពិនិត្យសុខភាព ។
ដោយឡែក សហព័ន្ធក៏បានស្នើសុំប្រាក់ហោប៉ៅ ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ក្រុមប្រតិភូផងដែរ ហើយប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងឯកភាព នោះប្រតិភូទាំង ០៤រូប នឹងទទួលបានប្រាក់ហោប៉ៅ ៨០០,០០០ រៀល ក្នុង ០១នាក់ បន្ថែមទៀត ៕