ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល-អាមេរិក នឹងសហការ គ្នាទប់ស្កាត់ អ៊ីរ៉ង់ កុំឲ្យមាន អាវុធ នុយក្លេអ៊ែរ

យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល និង សហរដ្ឋអាមេរិក នឹង “ធ្វើការរួមគ្នា” ដើម្បីការពារអ៊ីរ៉ង់ ពីការទទួលបានអាវុធ នុយក្លេអ៊ែរ បើទោះបីជាមានការ ខ្វែងគំនិតគ្នា របស់ពួកគេ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលកំពុងលេចចេញ មកខាងមុខនេះក៏ដោយ ។

លោក Lapid បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមជាមួយរដ្ឋមន្រ្តី ការបរទេសអាមេរិក លោក Antony Blinken នៅទីក្រុងយេរ៉ូសាឡឹម បន្ទាប់ពីកិច្ចប្រជុំថា “យើងមានការខ្វែងគំនិតគ្នារវាងពួកយើងអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងផលវិបាករបស់វា ប៉ុន្តែការសន្ទនាបើកចំហ និងស្មោះត្រង់ គឺជាផ្នែកនៃកម្លាំង នៃមិត្តភាពរបស់យើង” ។

លោក បាន លើកឡើងថា “អ៊ីស្រាអែល និង អាមេរិក នឹងបន្តធ្វើ ការជាមួយគ្នា ដើម្បីទប់ស្កាត់ នុយក្លេអ៊ែរ អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Blinken បានឲ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលទើប នឹងកើតថ្មីរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលគេស្គាល់ថាជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) គឺជាមធ្យោបាយដ៏ល្អបំផុត “ដើម្បីដាក់កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ឡើងវិញ នៅក្នុងប្រអប់ដែលវាស្ថិតនៅក្នុង” ។

លោកបានបន្ដថា ទាំង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្តេជ្ញាចិត្តក្នុងការរារាំង ប្រទេសអ៊ីរ៉ង់ ពីការទទួលបានអាវុធ នុយក្លេអ៊ែរ ខណៈដែលបានរំលឹក ឡើងវិញនូវ “ការគាំទ្រដ៏ខ្លាំងក្លារបស់ប្រទេសនេះ ចំពោះសន្តិសុខរបស់អ៊ីស្រាអែល” ។

គួរបញ្ចាក់ថាលោក Blinken បានទៅដល់ទីក្រុង Tel Aviv កាលពីយប់ថ្ងៃសៅរ៍ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលដំបូងនៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ ដែលបានធ្វើឱ្យទំនាក់ ទំនងធម្មតាជាមួយអ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top