អ៊ីស្ដង់ប៊ុល ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសតួកគី អ៊ីតាលី និងអង់គ្លេស កាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំមួយជុំវិញ វិបត្តិអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងការពារជាតិតួកគី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងរវាងប្រទេស របស់ពួកគេក្នុង វិស័យការពារជាតិ និងសន្តិសុខ និងបញ្ហាក្នុងតំបន់។
យោងតាមក្រសួងបានឱ្យដឹងថា មុនពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បានពិភាក្សាទ្វេភាគីជាមួយសមភាគីអ៊ីតាលីលោក Lorenzo Guerini និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ដាច់ដោយឡែកពីគ្នា។
ទីក្រុងអង់ការ៉ា បានពន្លឿនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការនាំយក ដំណោះស្រាយ ការទូតចំពោះវិបត្តិនៅអ៊ុយក្រែន ដោយជំរុញឱ្យមានកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងប្រទេសតួកគី។
គួរបញ្ជាក់ថា ជុំចុងក្រោយ នៃកិច្ចចរចាសន្តិភាពទល់មុខគ្នា រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅចុងខែមីនា៕
ប្រែសម្រួល ឈូក បូរ៉ា