គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោក (WB) ថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៤៥,១ ភាគរយនៅឆ្នាំនេះ ដោយសារជម្លោះជាមួយប្រទេសរុស្ស៊ី។
នៅក្នុងរបាយការណ៍របស់ខ្លួន ធនាគារបានព្យាករណ៍ថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសអ៊ុយក្រែន នឹងកើនឡើងពី ១,៨ ភាគរយនៅឆ្នាំ២០២១ ដល់ ១៩,៨ ភាគរយនៅឆ្នាំ២០២២។
ការប្រើប្រាស់ឯកជននៅអ៊ុយក្រែន នៅឆ្នាំនេះនឹងធ្លាក់ចុះ ៥០ ភាគរយ ការនាំចេញនឹងថយចុះ ៨០ ភាគរយ ខណៈដែលការនាំចូលនឹងធ្លាក់ចុះ ៧០ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ធនាគារពិភពលោក WB បានឲ្យដឹងថានៅឆ្នាំ២០២៣ សេដ្ឋកិច្ចអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងកើនឡើង ២,១ ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុន ៣,៥ ភាគរយ៕ប្រែសម្រួល ឈូក បូរ៉ា