អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Francis Crick Institute ទីក្រុងឡុងដ៍ បានរកឃើញថា ស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ មានផ្ទុកប្រូតេអ៊ីន ដែលអាចជួយទប់ស្តាត់ វត្តមានរបស់ពពួកបាក់តេរី ដែលជួយជំរុញដល់ការ អភិវឌ្ឍនៃជំងឺមហារីករន្ធគូថ ឬពោះវៀនធំ។
អ្នកដឹកនាំការស្រាវជ្រាវ លោក Gitta Stockinger បាននិយាយថា ការរកឃើញនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចរួមចំណែកដល់ ការកាត់បន្ថយជំងឺមហារីក។
ក្រៅពីរកឃើញវិធីការពារមិនឲ្យ មានការវិវត្តនៃជំងឺមហារីកពោះវៀនធំ លោក Stockinger និងសហការីរបស់លោក ក៏បានរកឃើងផងដែរថា បន្លែទាំងនេះមានសមត្ថភាព អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយអតិសុខុមប្រាណផ្សេងៗទៀត ដែលយាយីដល់ប្រព័ន្ធរំលាយអាហារ។
ការធ្វើតេស្តទៅលើសត្វកណ្តុរ អ្នកជីវវិទូបានរកឃើញថា សារធាតុ Indole-3-carbinol(I3C) មានបរិមាណដ៏ច្រើននៅក្នុងស្ពៃក្តោប ខាត់ណាផ្តា និងខាត់ណាផ្តាពណ៌ខៀវ អាចបន្យឿតការរីកលូតលាស់ នៃដុំសាច់មហារីកពោះវៀនធំ និងធ្វើឲ្យសត្វកណ្តុរមានសុខភាពល្អ។
សមាសធាតុ I3C អាចកាត់បន្ថយការរលាក និងធ្វើឲ្យប្រូតេអ៊ីនមានលក្ខណ:ធម្មតា។ ហេតុនេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបបន្ថែម បន្លែទាំងអស់នេះចូលទៅ ក្នុងរបបអាហារជាប្រចាំ ៕