ភ្នំពេញ៖ តារាភេទទី៣ វ៉ាន់ សំណាង ហៅផេន ខេក ដែលទើបតែបានរៀបការជាមួយស្វាមីឈ្មោះលោក ឈិន វិឆ្ឆ័យ រយៈពេលមួយខែនោះ ស្រាប់តែមុននេះបន្តិចនាងបានប្រាប់ដំណឹងដ៏ភ្ញាក់ផ្អើលមួយជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា បានចែកផ្លូវគ្នាហើយ ។
ជាការពិតណាស់ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ តារាភេទទី៣ ដ៏មានប្រជាប្រិយភាពខាងលើនេះ បានដឹកគូស្នេហ៍របស់នាងឈ្មោះ ឈិន វិឆ្ឆ័យ ចូលរោងការ ដែលប្រព្រឹត្តិទៅយ៉ាងអធិកអធមជាមួយនឹងវត្តមានចូលរួមពីសំណាក់តារាសិល្បៈប្រុសស្រីល្បីៗជាច្រើនរូប នៅវិមានពិភពថ្មី សែនសុខ ក្បែរផ្សារអ៊ីអន២។
ត្បិតតែពុំបានបញ្ជាក់ពីមូលហេតុលម្អិតនៃការចែកផ្លូវនេះយ៉ាងណាក៏ដោយ ប៉ុន្តែ ផេន ខេក បានបង្ហើបឱ្យដឹងពីដំរួយយ៉ាងដូច្នេះថា ទំនងប្ដីរបស់នាង កំពុងលួចមានទំនាក់ទំនងស្នេហាជាមួយនារីណាផ្សេង ។
នៅលើគណនីហ្វេសប៊ុករបស់ ផេន ខេក បានសរសេរយ៉ាងដូច្នេះថា «6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់»។ ជាមួយគ្នានេះដែរតារាក្រមិចក្រមើមខាងលើថែមទាំងបានបញ្ជាក់ថា ពុំមែនជាការសម្ដែងឡើយ ព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកដែរ ។
គួរឱ្យដឹងថា តារាភេទទី៣ វ៉ាន់ សំណាង ហៅផេន ខេក និង លោក ឈិន វិឆ្ឆ័យ បានស្រឡាញ់គ្នាមុនរៀបការរយៈពេលប្រហែលជិត ៦ឆ្នាំ ដោយពួកគេបានបង្កើតមុខរបរតាម Online ផងដែររហូតសន្សំលុយទិញបានផ្ទះផ្ទាល់ខ្លួន ៕ ដោយ៖ ម៉ានី