ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក រំពឹងថា វិបត្តិបំណុល នឹងបន្តកាន់តែអាក្រក់ នៅឆ្នាំ២០២២

វ៉ាស៊ីនតោន ៖ ប្រធានធនាគារពិភពលោក លោក David Malpass បានឲ្យដឹងថា ដោយសារតែកម្រិតបំណុល និងឱនភាពខ្ពស់ ប្រទេសនានា “ស្ថិតនៅក្រោមភាពតានតឹង ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ហើយវិបត្តិបំណុល ត្រូវបានគេរំពឹងថានឹង “បន្តកាន់តែអាក្រក់ទៅៗ” នៅក្នុងឆ្នាំ២០២២។

ដោយកត់សម្គាល់ថា បំណុល គឺជាបញ្ហាធំមួយក្នុង ចំណោមបញ្ហា ធំពីរ ដែលកំពុងប្រឈមមុខ នឹងកំណើនសកលលោក Malpass បានឲ្យដឹង នៅក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ Spring Meetings ថា ៦០ភាគរយ នៃបណ្តាប្រទេស ដែលមានចំណូលទាប កំពុងស្ថិតក្នុងវិបត្តិបំណុលរួចហើយ ឬមានហានិភ័យខ្ពស់ នៃបំណុលនេះ ។

លោកបានបន្តថា វិបត្តិបំណុល និងការធ្លាក់ ចុះរូបិយប័ណ្ណ មានបន្ទុកមួយ ដែលធ្លាក់ ចុះយ៉ាងខ្លាំង ទៅលើអ្នកក្រ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

កិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២២ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមធនាគារពិភពលោក គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ទី១៨ ខែមេសា រហូតដល់ថ្ងៃអាទិត្យ ទី២៤ ខែមេសា ។

លោក Malpass បានលើកឡើងថា បញ្ហាធំមួយទៀត សម្រាប់កំណើនពិភពលោក គឺអតិផរណាដែល “បណ្តាលឱ្យមានភាពតានតឹង យ៉ាងខ្លាំង” ដោយលោក Malpass បានបន្ថែមថាគោលនយោបាយ ចាំបាច់ត្រូវកែសម្រួល ដើម្បីបង្កើនការផ្គត់ផ្គង់ មិនមែនគ្រាន់តែបង្កើន តម្រូវការប៉ុណ្ណោះទេ។

លោក Malpass បានបន្ថែមថា “ទីផ្សារកំពុងទន្ទឹងរង់ចាំដូច្នេះវាមានសារៈសំខាន់ណាស់សម្រាប់ រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបញ្ជាក់ថា ការផ្គត់ផ្គង់នឹងកើនឡើង ហើយគោលនយោបាយរបស់ពួកគេ នឹងជំរុញស្ថិរភាព រូបិយប័ណ្ណ ដើម្បីកាត់បន្ថយអតិផរណា និងបង្កើនអត្រាកំណើន”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top