ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ អាមេរិកថា លោកខាងលិច​ ត្រូវតែបង្កើនល្បឿន ផ្តល់សព្វាវុធឱ្យអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក បានរៀបចំវេទិកា ដែលមានប្រទេសចំនួន ៤០ចូលរួម នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៦ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្ត ដើម្បីគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសនេះ ទប់ទល់នឹងសង្រ្គាមទាំងស្រុង ដោយការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាដែលចូលរួមផងដែរ ដោយក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov កិច្ចប្រជុំជាប្រវត្តិសាស្ត្រ បានឃើញប្រទេសនានាសន្យា ផ្តល់អាវុធធុនធ្ងន់បន្ថែមទៀត ដែលអ៊ុយក្រែន បាននិងកំពុងអង្វរករ ខណៈដែលខ្លួនប្រយុទ្ធ ដើម្បីការពារទឹកដីរបស់ខ្លួន ពីការឈ្លានពានជាថ្មី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤ ខែកុម្ភៈ។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានកត់សម្គាល់ថា ប្រទេសមួយចំនួនបានយល់ព្រម បង្កើនការផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែន។ លោក Austin បាននិយាយថា “យើងមិនត្រូវខ្ជះខ្ជាយ ពេលវេលានោះទេ។ យើងត្រូវតែបង្កើនល្បឿននៃសង្គ្រាម។ ខ្ញុំដឹងថា មេដឹកនាំទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ មានការតាំងចិត្តច្រើន ជាងពេលណាៗទាំងអស់ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពាន និងអំពើឃោរឃៅ របស់រុស្ស៊ី” ។

លោកបានលើកឡើង ជាពិសេសគឺប្រទេសអាល្លឺម៉ង់ ដែលបានស្ទាក់ស្ទើរ ក្នុងការផ្តល់អាវុធធុនធ្ងន់ ដល់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះបានយល់ព្រម ផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះប្រភេទ Cheetah ចំនួន ៥០គ្រឿង ។ លោក Austin បាននិយាយថា អង់គ្លេសបានយល់ព្រមផ្តល់ឲ្យអ៊ុយក្រែន នូវសមត្ថភាពប្រឆាំងយន្តហោះ រួមជាមួយនឹងការផ្តល់ជូន របស់កាណាដានូវរថពាសដែក ចំនួន ៨គ្រឿង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top