តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Fars News បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអ៊ីរ៉ង់ លោក Levan Dzhagaryan បានឲ្យដឹងថា មិនមានឧបសគ្គ ចំពោះកិច្ចសហប្រតិបត្តិការ អាវុធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូនោះទេ ។
លោក Dzhagaryan បានលើកឡើងថា បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធ របស់អង្គការសហប្រជាជាតិលើ អ៊ីរ៉ង់ ត្រូវបានដកចេញ នៅក្នុងខែតុលាឆ្នាំ២០២០ មិនមានឧបសគ្គ ចំពោះការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ អាវុធ រវាងអ៊ីរ៉ង់ និងរុស្ស៊ីនោះទេ ដោយបន្ថែមថា អ៊ីរ៉ង់ទិញសព្វាវុធពីរុស្ស៊ី សម្រាប់គោលបំណង ការពារតែប៉ុណ្ណោះ ។
លោកបានកត់សម្គាល់ថា “យើងកំពុងទាក់ទងជាមួយប្រជាជន អ៊ីរ៉ង់ ហើយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ របស់យើងចំពោះការគ្រប់គ្រង ការមិនរីកសាយភាយ និងការនាំចេញ (អាវុធ)” ។
ក្នុងអំឡុងពេល នៃការចរចារ ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថា កិច្ចពិភាក្សាត្រូវបានផ្អាកដោយសារ តែប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀង នាពេលអនាគតមិនទាន់ត្រូវបានព្រមព្រៀង គ្នានៅឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
