ហាវ៉ាណា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស៨នាក់បានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានការផ្ទុះមួយបានកើតឡើង នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងហាវ៉ាណា ប្រទេសគុយបា កាលពីព្រឹកថ្ងៃសុក្រ ។
ការិយាល័យប្រធានាធិបតីគុយបា បានឲ្យដឹងនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា “នាយកសុខាភិបាលខេត្ត លោក Emilio Delgado Iznaga បានបញ្ជាក់ថា ប្រព័ន្ធ សុខាភិបាល នៅហាវ៉ាណា មានសកម្មភាពយ៉ាងពេញលេញ ។ រហូតមកដល់ពេលនេះ មនុស្ស៨នាក់ បានស្លាប់ហើយ៣០នាក់កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ “ ដោយបានឲ្យដឹងទៀតថា “មនុស្សជាច្រើន មនុស្សកំពុងផ្តល់ការបរិច្ចាកឈាម” ។
យោងតាមការិយាល័យប្រធានាធិបតីគុយបា បានឱ្យដឹងថា ការលេចធ្លាយឧស្ម័នត្រូវបានគេគិតថា ជាមូលហេតុនៃការផ្ទុះនៅសណ្ឋាគារ Saratoga ។
សណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានទីតាំងនៅជិតអគារ National Capitol កំពុងរៀបចំបើកដំណើរការឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកមួយនៃការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍នៅលើកោះនេះ ។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានចែករំលែក ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Cubadebate ការផ្ទុះជាក់ស្តែងបានកើតឡើង ខណៈដែលរោងចក្រនេះកំពុងដំណើរការប្រតិបត្តិការ ជាមួយឧស្ម័នរាវ ។
បន្ទាប់ពីការផ្ទុះនេះ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានទៅកាន់កន្លែងកើតហេតុ និងទៅកាន់មន្ទីរពេទ្យក្នុងស្រុកមួយក្នុងទីក្រុង ហាវ៉ាណា ដែលជាកន្លែងដែលអ្នករង របួសជាច្រើននាក់ កំពុងត្រូវបានមើលថែ នេះបើយោងតាមរូបភាព ដែលបានផ្សព្វផ្សាយដោយការិយាល័យ ប្រធានាធិបតីគុយបា នៅលើគណនី Twitter របស់ខ្លួនថាដូច្នេះ ៕