វ៉ាស៊ីនតោនៈ ក្រុមអ្នកបរិស្ថានជនជាតិអាមេរិកនិយាយថា ត្រីពណ៌ទឹកក្រូចដ៏ស្រស់ស្អាត ដែលត្រូវបានគេយកទៅធ្វើជាតួអង្គ នៅក្នុងរឿងគំនូរជីវចលដែល មានចំណងជើងថា Nemo កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជ និងត្រូវការការពារជាបន្ទាន់។
មជ្ឈមណ្ឌលនានាភាពនៃជីវសាស្រ្តនៅក្នុងរដ្ឋ អារីហ្សូណាសហរដ្ឋអាមេរិក បានស្នើសុំសហព័ន្ធរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ឲ្យធ្វើការពិចារណាដើម្បីចុះឈ្មោះ ប្រភេទត្រីពណ៌ទឹកក្រូច និង ត្រីចំនួន ៧ប្រភេទទៀត ដែលអាស្រ័យលើផ្កាថ្ម ដើម្បីរស់នៅក្នុងបញ្ជីប្រភេទសត្វ ដែលជិតផុតពូជ។
នាយកខាងផ្នែកវិទ្យាសាស្រ្តអាកាសធាតុ នៃមជ្ឈមណ្ឌលនានាភាពនៃជីវសាស្រ្ត លោក Shaye Wolf បានប្រាប់កាសែត McClatchyថាៈ “ក្នុងខណៈដែរ ពួកយើងនៅតែបន្តបញ្ចេញ ឧស្ម័នពុលពីផ្ទះកញ្ចក់ ពួកយើងឃើញថាមានប្រភេទសត្វ និងរុក្ខជាតិនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោក ស្ថិតនៅក្នុងគ្រោះថ្នាក់នៃការជិតផុតពូជ កាន់តែច្រើនឡើងៗ ដោយសារតែបំរែបំរួលរបស់ អាកាសធាតុរបស់ភពផែនដី។ ម្យ៉ាងវិញទៀតករណីនេះពិតជា សំខាន់ខ្លាំងណាស់ ពីព្រោះថាមានមនុស្សភាគតិចណាស់ដែលអាច ដឹងថាមហាសមុទ្រកំពុងតែត្រូវបាន បំផ្លាញដោយឧស្ម័នពុលកាបូនខ្លាំងកំរិតណា។ “
គួរបញ្ជាក់ដែរងា ត្រីពណ៌ទឹកក្រូចដ៏ឆើតឆាយនេះ ត្រូវបានរកឃើញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ជិតប្រទេសអូស្រ្តាលី ក្នុងខណៈពេលដែរ វត្តមានរបស់ពួកវាមួយចំនូនទៀត រស់នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។