ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិនចូលរួម ក្នុងសម័យប្រជុំពិសេសរបស់ UNHRC ស្តីពីអ៊ុយក្រែននោះទេ

ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានជ្រើសរើសមិនចូលរួមក្នុងសម័យប្រជុំពិសេសនាពេលខាងមុខ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) ស្តីពីអ៊ុយក្រែន ដោយហៅព្រឹត្តិការណ៍នេះថា មានភាពលំអៀង។

ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីអ្នកនាំពាក្យលោកស្រី Maria Zakharova ថា “ជាអកុសល អំណះអំណាង និងការពន្យល់របស់យើង ទាក់ទងនឹងគោលដៅពិត នៃប្រតិបត្តិការយោធាពិសេស និងស្ថានភាពនៅលើដី កំពុងត្រូវបានអើពើទាំងស្រុង” ។

 UNHRC បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកសម័យប្រជុំពិសេសមួយនៅថ្ងៃព្រហស្បតិ៍ “ដើម្បីដោះស្រាយស្ថានភាពសិទ្ធិមនុស្ស កាន់តែយ៉ាប់យ៉ឺនក្នុងប្រទេសអ៊ុយក្រែន ដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ី”។

លោកស្រី Zakharova ត្រូវបានគេដកស្រង់សម្តីថា “គណៈប្រតិភូរុស្ស៊ី នឹងមិនធ្វើឱ្យមានភាពស្របច្បាប់ក្នុងការបង្ហាញ នយោបាយលំអៀងមួយផ្សេងទៀត ជាមួយនឹងវត្តមានរបស់ខ្លួននោះទេ” ។

 លោកស្រី​ក៏​បាន​ឲ្យដឹងដែរ​ថា​ លោកខាងលិច​ជា​ប្រពៃណី​ បាន​ប្រើប្រាស់​សិទ្ធិ​មនុស្ស​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ តាមរយៈ​អាកប្បកិរិយា​ឆ្លៀតឱកាស៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top