Arsenal កំពុងចាប់អារម្មណ៍ចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ។
ត្បិតមានការចង់បានបែបនេះក្ដី ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ២៨ឆ្នាំបានបង្ហើបថា គេចាប់អារម្មណ៍តែជាមួយក្លឹបណាដែលបានលេងនៅ Champions League រដូវក្រោយប៉ុណ្ណោះ។ ងាកទៅមើលស្ថានភាពរបស់ Arsenal ពេលនេះ បានរបូតតំណែងលេខ៤ឲ្យ Spurs បាត់ទៅហើយ ក្រោយប្រកួតចាញ់ Newcastle កាលពីយប់មិញ។
រដូវក្ដៅនេះ ខ្សែប្រយុទ្ធ Alexandre Lacazette នឹងចាកចេញពីកាំភ្លើងធំ ហើយ Eddie Nketiah រំពឹងអាចនឹងចេញដូចគ្នា។ ដូច្នេះអ្នកចាត់ការ Mikel Arteta កំពុងពិនិត្យមើលក្នុងទីផ្សារដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី២រូបមកជំនួសកន្លែង។ កីឡាករដល់ទៅ៧រូបកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពី Arteta ប៉ុន្តែកញ្ចប់ទឹកប្រាក់របស់ក្លឹបនៅមានកម្រិតមិនអាចទិញស្រេចតែចិត្តបានទេ។
Dybala ជាជម្រើសល្អបំផុតសម្រាប់ Arsenal ព្រោះក្លឹបអាចយកបានដោយគ្មានតម្លៃខ្លួនដោយសារតែគេនឹងអស់កុងត្រាជាមួយ Juventus នៅរដូវក្ដៅនេះហើយ។ តាមដំណឹង Dybala ដែលធ្លាប់ជួយ Juventus ឈ្នះពានលីគកំពូលអ៊ីតាលី៥សម័យចង់បានថ្លៃពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ យ៉ាងណា ប្រសិនបើ Arsenal មិនអាចមានកៅអីទៅលេងនៅ UCL រដូវកាលក្រោយទេ គឺពិបាកយកបាន Dybala បន្តិច៕ Source: Sabay