តូរ៉ុនតូ ៖ រដ្ឋាភិបាលកាណាដា បាននិយាយដោយចូលរួម ជាមួយសម្ព័ន្ធមិត្ត ក្នុងការហាមឃាត់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនថា ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឥតខ្សែក្នុងប្រទេសកាណាដា នឹងមិនត្រូវបានអនុញ្ញាត ឲ្យដំឡើងឧបករណ៍ Huawei សម្រាប់បណ្តាញ 5G ល្បឿនលឿន របស់ពួកគេទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ប្រទេសកាណាដា គឺជាសមាជិកតែមួយគត់ នៃសម្ព័ន្ធភាពស៊ើបការណ៍សម្ងាត់ Five Eyes ដែលមិនរារាំង ឬរឹតបន្តឹងការប្រើប្រាស់ ឧបករណ៍ពីក្រុមហ៊ុន Huawei Technologies Co Ltd លើបណ្តាញ 5G របស់ខ្លួន ។ សហរដ្ឋអាមេរិក និងសមាជិកផ្សេងទៀត ដូចជា ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ពីមុនបានហាមឃាត់ក្រុមហ៊ុន Huawei ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក François-Philippe Champagne បាន និយាយថា យើងកំពុងប្រកាសពីចេតនា របស់យើងក្នុងការហាមឃាត់ ការដាក់បញ្ចូលផលិតផល និងសេវាកម្ម Huawei និង ZTE សម្រាប់ប្រព័ន្ធទូរគមនាគមន៍ របស់ប្រទេសកាណាដា ។ ការហាមឃាត់ របស់ប្រទេសកាណាដា ក៏រួមបញ្ចូលផងដែរ នូវក្រុមហ៊ុន ZTE Corp ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុត របស់ប្រទេសចិន និងក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយរដ្ឋ ។
លោក Champagne បានបន្ថែមថា អ្នកផ្តល់សេវាដែលបានដំឡើងឧបករណ៍នេះ រួចហើយនឹងតម្រូវឱ្យបញ្ឈប់ ការប្រើប្រាស់របស់វា ហើយដកវាចេញ។ ក្រុមហ៊ុនឥតខ្សែ របស់ប្រទេសកាណាដា នឹង មិនត្រូវបានផ្តល់សំណងទេ ។ ក្រុមហ៊ុនឥតខ្សែធំៗ របស់កាណាដា បានចាប់ផ្តើមធ្វើការជាមួយ អ្នកផ្តល់សេវាផ្សេងទៀតរួចហើយ ៕ដោយ៖លី ភីលីព