ព័ត៌មានអន្តរជាតិ

បារាំងថា អ៊ុយក្រែន អាចនឹងត្រូវចំណាយពេលយូររហូតដល់ ២០ឆ្នាំទៀត ដើម្បីអាចចូលសហភាពអឺរ៉ុប

បរទេស៖ ការចូលជាសមាជិកសហភាពអឺរ៉ុបរបស់រដ្ឋាភិបាលទីក្រុងគៀវ នឹងចំណាយពេល “យូរណាស់” នេះបើយោងតាមរដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់បារាំង លោក Clement Beaune បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មានការចូលជាសមាជិករបស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុប យ៉ាងឆាប់រហ័សនោះទេ ហើយដំណើរការនេះនឹងចំណាយពេល “យូរណាស់” ។

លោក Clement Beaune បានប្រាប់សារព័ត៌មាន Radio J នៅទីក្រុងប៉ារីសថា “យើងត្រូវតែស្មោះត្រង់ បើយើងនិយាយថា អ៊ុយក្រែននឹងចូលជាសមាជិកសហភាពអឺរ៉ុបក្នុងរយៈពេល៦ខែ, ១ឆ្នាំ ឬ២ឆ្នាំ នោះយើងនិយាយកុហកហើយ វាមិនពិតទេ។ ប្រហែលជា ១៥ ឬ ២០ ឆ្នាំ។ វាត្រូវចំណាយពេលយូរណាស់»។

លោកបានបន្ថែមថា «ខ្ញុំមិនចង់ផ្តល់ឱ្យអ៊ុយក្រែននូវការបំភាន់ឬការភូតភរទេ»។

Beaune ដែលត្រូវបានពិពណ៌នាដោយ Politico ជា “អ្នកការពារដែលគួរឱ្យទុកចិត្ត” របស់ប្រធានាធិបតី Emmanual Macron កាលពីថ្ងៃសុក្រ គឺត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការអឺរ៉ុបនៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Elisabeth Borne៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top