អ្នកចាំទីដើមកំណើតអង់គ្លេស Lee Grant ដែលជាអ្នកចាំទីមួយរូប របស់ក្លឹប Manchester United បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅក្នុងវ័យ៣៩ឆ្នាំ ក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយ របស់ក្លឹបនេះផ្ទាល់។
អ្នកចាំទីរូបនេះបានចាប់អាជីព ក្នុងវិស័យបាល់ទាត់ជាអាជីព ចាប់តាំងពីឆ្នាំ២០០២មក ដោយធ្លាប់លេងឲ្យក្លឹប Derby County, Burnley, Oldham Athletic, Sheffield Wednesday, Stoke City និង Man Utd នេះ ដោយចូលលេងប្រកួតសរុប ៥១១ប្រកួត។
ជាពិសេសនៅក្នុង៤រដូវកាលចុងក្រោយ នៅ Man Utd នេះ Lee Grant បានចូលរួមធ្វើជាអ្នកចាំទី ក្នុងការប្រកួតបាន ២ដងប៉ុណ្ណោះ។
ជាក្រោយ Lee Grant ធ្វើការអរគុណទៅដល់ក្លឹប Man Utd ដែលបានផ្ដល់ឱកាសបំពេញក្ដីស្រមៃ របស់គេមកលេងនៅទីនេះ ក៏ដូចជាអរគុណដល់ក្លឹបទាំងអស់ ដែលគេធ្លាប់លេង និង គ្រួសារ បងប្អូន អ្នកគាំទ្រទាំងអស់ ដែលបានជួយគេ តាំងពីពេលចាប់ផ្ដើម នៃអាជីពបាល់ទាត់នេះ៕ Source: Sabay