ក្លឹប Liverpool បានបដិសេធ សំណើ៣០លានផោន របស់ Bayern Munich ក្នុងការតាមទិញ ខ្សែបម្រើប្រយុទ្ធ Sadio Mane។
នេះគឺជាលើកទីពីរ ហើយដែល Bayern ដាក់សំណើ បន្ទាប់សំណើលើកទីមួយ២៥លានផោន ត្រូវហង្សក្រហមច្រានចោល ។ Liverpool ចង់បានតម្លៃខ្លួនរបស់ Mane ដល់ទៅ៤២,៨លានផោន ដូចទៅនឹងតម្លៃខ្លួនរបស់ Robert Lewandowski ដែល Bayern ទាមទារចង់លក់ឲ្យ Barcelona។
ទាំង Mane និង Lewandowski សុទ្ធតែសល់កុងត្រាមួយឆ្នាំដូចគ្នា ក្នុងក្លឹបរបស់ពួកគេ ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ចង់ផ្លាស់ទៅ Barcelona ក្រោយចំណាយពេលមួយទសវត្សរ៍ជាមួយ Bayern។ ចំណែកឯក Mane វិញគោលដៅរបស់គេខាងមុខគឺ Bayern ក្រោយប្រកាសចង់ ចាកចេញពី Liverpool ដើម្បីស្វែងរកបទពិសោធន៍ថ្មី ។
កីឡាករសញ្ជាតិសេណេហ្គាល់ រកបាន១២០គ្រាប់ឲ្យ Liverpool ចាប់តាំងផ្ទេរចេញពីក្លឹប Southampton កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៣៦លានផោន។ គេបានជួយក្លឹបឈ្នះពាន Champions League កាលពីឆ្នាំ២០១៩ និង Premier League ឆ្នាំ២០២០៕