ភ្នំពេញ៖នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមគណៈប្រតិភូ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីវ័យក្មេងកីឡាវាយកូនឃ្លីលើតុ ចំនួន១៥នាក់ចេញដំណើរបោះជំរុំហ្វឹកហាត់ ព្រមទំាងចូលរួមការប្រកួត កីឡាវាយកូនឃ្លីលើតុជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី២៦ ឆ្នាំ២០២២នៅប្រទេសថៃ ។
លោក ស៊ុន សុទ្ធារិទ្ធ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននិយាយថា សហព័ន្ធបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក ចៅក្រុម និងកីឡាករ-កីឡាការិនី វ័យក្មេងចំនួន១៥នាក់ចូលរួមការជំរុំហ្វឹកហាត់ អាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និងការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី២៦ ឆ្នាំ២០២២ “the 26th South East Asian Junior & Cadet Table Tennis Championships” នៅប្រទេសថៃ នឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២។
លោកបានបន្តថា ចំណែកការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១២ ឆ្នាំ២០២២ “the 12th South East Asian Table Tennis Championships 2022” ក្នុងនោះមានគណៈប្រតិភូ គ្រូបង្វឹក ចៅក្រុម និងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន៥នាក់ នឹងប្រព្រឹត្តិចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។ ចំពោះរូបលោកទៅចូលរួម មហាសន្តិបាតសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ផងដែរ ដោយឡែកកាលនៅប្រទេសវៀតណាម យើងបានចូលរួមប្រជុំនៅទីនោះសួររឿងរៀបចំការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជាបានអ្វីខ្លះ។
លោកអគ្គលេខាធិការបានបន្ថែមថា ការទៅចូលរួមចូលរួម ការជំរុំហ្វឹកហាត់ និងការប្រកួតអាចសង្ឃឹមថា ទទួលបានលទ្ធផលល្អ ទំាងអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ ដោយសារការប្រកួតសិស្សបឋម លោកសំឡឹងឃើញកីឡាករវ័យក្មេងមានសមត្ថភាពល្អគួរទទួលយកបាន ព្រោះពួកគេមានឆន្ទៈល្អ ហើយគោលបំណងសហព័ន្ធ ឲ្យចង់កីឡាករវ័យក្មេងចូលរួម ការប្រកួតឲ្យបានច្រើន ដែលជាបទសោធន៍ដ៏ធំសម្រាប់ពួកគេ៕ ដោយ៖លី ភីលីព