កីឡា

លោក គង់ សោភ័ណ្ឌ៖ យើងរួមគ្នាអភិវឌ្ឍន៍វិស័យកីឡា ក្រោមម្លប់សន្តិភាព ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅ SEA GAMES ២០២៣

ខេត្តកណ្ដាល៖លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្តកងកម្លាំងទាំងបី និងសាធារណៈជនយ៉ាងច្រើនកុះករនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅកីឡាដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ ។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការប្រកួតកីឡានេះចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡាក្នុងខេត្តរបស់យើងត្រូវបានពង្រឹង និងពង្រីក ដោយយើងមានកីឡាករ-កីឡាការិនីពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ឃុំ ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។

លោកបានបន្តថា ការឈ្នះរបស់យើងត្រូវតែផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេលនេះមិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយស្មារតី និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត។

លោកក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សក៏ដូចជា យុវវ័យទាំងអស់ ត្រូវនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សានុសិស្សក៏ដូចជាយុវជន ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ។ យើងរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាក្រោមម្លប់សន្តិភាព ដើម្បីពង្រឹងសមត្ថភាព ជ្រើសរើស កីឡាករ-កីឡាការិនី ឆ្នើម សម្រាប់ត្រៀមឆ្ពោះទៅSEA GAMES នាឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖លីភីលីព

Most Popular

To Top