កីឡា

លោក អ៊ុក ចន្ថា៖ ការហាត់និងលេងកីឡា ទៅតាមប្រភេទចូលចិត្ត ចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ ក្នុងសង្គម

ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធី បិទការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២២ជាផ្លូវការ លើកីឡា៦ប្រភេទ បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ អត្តពលកម្ម និងវាយកូនឃ្លីលើតុ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ព្រមទំាងថ្នាក់ដឹកនាំក្រុមទំាងអស់។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា ប្រកួតជើងឯកនាពេលនេះជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន មហាជនឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ មាននៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាចដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នា ទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើង។ ហើយដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឱ្យស្របនិងការវិវត្តន៍និងរីកចម្រើន របស់ប្រទេសជាតិ ។

លោកបានបន្តថា ជាមួយគ្នានេះដែរដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារឆ្លើយតប តាមបរិបទ រីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើន សកម្មភាពឲ្យបានខ្លាំងក្លា ថែមទៀតដើម្បីពិនិត្យនិងកែលម្អ លើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព ការងារ ស្របតាមគោលនយោបាយអភិវឌ្ឍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននិងកំពុងដំណើរការ តាមផែនការយុទ្ធសាស្ត្រ កំណែរទម្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ដោយលែកការងារអប់រំកាយនិងកីឡា បាននិងកំពុងជំរុញ ការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀន ឲ្យស្របទៅនឹងស្តង់ដា ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

ចំពោះលទ្ធផល ការប្រកួត៖
វិញ្ញាសាបាល់ទះ៖ ចំណាត់ថ្នាក់លេខ១ បានលើទៅក្រុមបាល់ទះ នាគ១៨ ចំណាត់ថ្នាក់លេខ២ បានលើទៅ វិទ្យាល័យជម្ពូវ័ន និងចំណាត់ថ្នាក់លេខ៣បានលើទៅ វិទ្យាល័យ ជ.ស សាមគ្គី ។
វិញ្ញាសាបាល់ទាត់៖ ចំណាត់ថ្នាក់លេខ១ បានលើទៅក្រុមបាល់ទាត់ វិ.ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់លេខ២ បានលើទៅវិទ្យាល័យ ឥន្រ្ទទេវី និងចំណាត់ថ្នាក់លេខ១ បានលើទៅវិទ្យាល័យ ជា ស៊ីមសាមគ្គី
វិញ្ញាសាបាល់បោះ ៖ចំណាត់ថ្នាក់លេខ១ បានលើទៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់លេខ២ បានលើទៅវិទ្យាល័យ ជម្ពូវ័ន និងចំណាត់ថ្នាក់លេខ១ បានលើទៅសាលា SOS៕

Most Popular

To Top