គិតចាប់ពីថ្ងៃរៀបការ របស់ Barbie Hsu (ឬ សាន់ឆាយ) និង DJ Koo គឺថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ មក មិនដែលឃើញបែកធ្លាយ រូបភាពណាមួយឡើយលើបណ្ដាញសង្គម។ រហូតដល់ថ្មីៗនេះ រូបភាពស្ថិតក្នុងថ្ងៃពិសេស ក៏ត្រូវបានបង្ហាញជាផ្លូវការ ។
ស្ថិតក្នុងកម្មវិធីកម្សាន្តកូរ៉េមួយ រូបថតមង្គលការ របស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu និងតន្ត្រីករកូរ៉េ DJ Koo ត្រូវបានចេញផ្សាយ ដោយអ្នកទាំង ២ បានឲ្យឃើញសាក់រូបចិញ្ចៀនលើដៃនាងទៀត។ DJ Koo បានលើកឡើង ដោយបញ្ចេញឃ្លាដំបូង បែបលេងសើច ទៅកាន់ Barbie ថា៖ «ហេ៎! ខ្ញុំក្បាលត្រងោល!»
បន្ទាប់មកទៀត DJ រូបនេះរ៉ាយរ៉ាប់ពីរឿងរ៉ាវស្នេហាខ្លួនថា៖ «នៅពេលយើងទាក់ទងគ្នា Barbie ចូលចិត្តញ៉ាំស្វាយណាស់ ។ នៅពេលនោះ នៅប្រទេសយើង (កូរ៉េ) អត់មានស្វាយទេ ខ្ញុំក៏ចាប់ផ្ដើមចូលចិត្តស្វាយ តាំងពីពេលនោះមកដែរ។ ឲ្យតែពេលខ្ញុំឃើញស្វាយ ខ្ញុំនឹកដល់នាងមុនគេ»។
នៅខែវិច្ឆិកា ឆ្នាំមុន ព័ត៌មានបានបែកធ្លាយថា Barbie Hsu បានដាក់ពាក្យលែងលះស្វាមីមុន គឺ Wang Xiao Fei ក្រោយរួមរស់ជាមួយគ្នាបានជាង ១០ឆ្នាំ ។ មិនដល់ ៤ខែផង ក៏ស្រាប់តែលេចចេញដំណឹងថា នាងបានរៀបការ ជាមួយនឹងតារាចម្រៀងកូរ៉េ DJ Koo អ្នកដែលមានអាយុ ៥២ឆ្នាំ មានន័យថា ស្វាមីក្រោយនេះ អាយុបងនាង ៧ឆ្នាំ ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល បុរសម្នាក់នេះ ក៏ជាអ្នកដែលនាងធ្លាប់ទាក់ទង ស្នេហាកាលពី ២៤ឆ្នាំមុនដែរ ។
ជាមួយគ្នានោះដែរ អ្នកទាំង ២ បានចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចុះឈ្មោះ សហជីពរបស់ពួកគេ (រួមរស់ជាប្ដីប្រពន្ធ) នៅតៃវ៉ាន់នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២ ។ នេះបើយោងតាមភ្នាក់ងារ Barbie Hsu បានប្រកាស ៕