ភ្នំពេញ៖លោក ជ្រិង សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT តំណាងឲ្យលោក ហង់ជួន ណារ៉ុនប្រធានខេមរសហព័ន្ធតេក្វាន់ដូWT និងលោក ស៊ាំង សុភក្រ្ត តំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូWTនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
លោក គង់ សក្ខិដា អគ្គលេខាធិការ នៃប្រធានខេមរសហព័ន្ធតេក្វាន់ដូ WTបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលយើងរៀបចំចែកចេញជា២វគ្គ ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់មកពីរាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប។
ដោយវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូ ថ្នាក់មូលដ្ឋាន-ជាតិមានសិក្ខាកាមសរុបចំនួន ២៥នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ បង្រៀនដោយអាជ្ញាកណ្តាលអន្តរជាតិ លោក ហែម សំណាង និងលោក យឹម សត្ថា។
លោកអគ្គបានបន្តថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋាន-ជាតិក៏មានសិក្ខាកាមសរុបចំនួន២៥នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាន់ទី៣បង្រៀនដោយគ្រូជម្រើសជាតិ លោក ឆយ យ៉ុងសុក និងលោក ជាតិ ខេមរា។
លោក ជ្រិង សុធា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយ សារបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕ដោយ៖លី ភីលីព