ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ៣ ថ្ងៃដំបូង នៃការកើនឡើង រលកកំដៅនៅអេស្ប៉ាញ បណ្ដាលឲ្យមានមនុស្សស្លាប់ ៨៤នាក់

ម៉ាឌ្រីត៖ វិទ្យាស្ថានសុខភាព Carlos III ដែលរាយការណ៍ទៅក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងថា មនុស្សចំនួន ៨៤នាក់ត្រូវបានគេដឹងថា បានស្លាប់ដោយសាររលកកំដៅ ដែលបានវាយប្រហារប្រទេសអេស្ប៉ាញ ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា។

 ការស្លាប់ទាំងអស់ដែលត្រូវបាន រាយការណ៍កាលពីថ្ងៃទី១០-១២ ខែកក្កដា អាចត្រូវបានសន្មតថា ដោយសារកំដៅដ៏ក្តៅគគុកលើសពី ៤០ អង្សាសេនៅក្នុងផ្នែកធំនៃប្រទេស។  សីតុណ្ហភាព​បាន​កើន​ឡើង​លើស​ពី ៤៥ អង្សា​សេ នៅ​ភាគ​ខាង​ត្បូង និង​និរតី​នៃ​ប្រទេសនេះ។

 រលកកំដៅត្រូវបានគេព្យាករណ៍ថា នឹងបន្តដល់សប្តាហ៍ក្រោយ ហើយចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចថា នឹងកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 នេះ​ជា​រលក​កម្ដៅ​ដ៏​ធំ​ទី​ពីរ​ក្នុង​ឆ្នាំ​ នៅ​ក្នុងប្រទេសអេស្ប៉ាញ។  ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​លើក​ទី​មួយ​បាន​បន្ត​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី២០ ខែ​មិថុនា ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស ៨២៩ នាក់​នៅ​ទូទាំង​ប្រទេស ដែលកាលនោះ សីតុណ្ហភាពឡើងដល់ ៤៤.៥ អង្សាសេ។

គួរបញ្ជាក់ថា អាជ្ញាធរ​អេស្ប៉ាញ បានណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ចៀសវាង​ការ​ហាត់ប្រាណ​ច្រើន​ពេក និង​នៅ​ក្នុងផ្ទះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top