ផ្សេងៗ

បនល្បែងនៅម៉ាកាវ នៅតែបន្តបិទទ្វារដដែល ខណៈជំងឺកូវីដ-១៩ឆ្លងរីករាលដាលខ្លាំងនៅឡើយ

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់ម៉ាកាវនឹងបន្តការបិទកាស៊ីណូ និងអាជីវកម្មផ្សេងទៀតរហូតដល់ថ្ងៃសុក្រ  ខណៈដែលអាជ្ញាធរកំពុងដោះស្រាយដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភពលោក ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ។

គួរបញ្ជាក់ថា តាមពិតការបិទទ្វារក្នុងតំបន់រដ្ឋបាលពិសេស របស់ចិនត្រូវបញ្ចប់នៅថ្ងៃចន្ទ ។

គេបានដឹងថា ម៉ាកាវបានដាក់ការបិទកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបិទក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ទីក្រុង កាស៊ីណូរបស់ខ្លួន និងហាមអ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ លើកលែងតែសកម្មភាពសំខាន់ៗដូចជាការទិញគ្រឿងទេស ។

ម៉ាកាវបានកត់ត្រាការឆ្លងមេរោគកូវីដ-១៩ប្រមាណ១.៧០០នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនា ។ មនុស្សជាង២០.០០០នាក់កំពុងស្ថិតក្នុងការដាក់ឱ្យនៅដាច់ពីគេដែលនេះគឺជាកាតព្វកិច្ច ខណៈដែលរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដ-១៩ របស់ប្រទេសចិន ដែលមានគោលបំណងលុបបំបាត់ការផ្ទុះឡើងទាំងអស់ ដែលកំពុងដំណើរការប្រឆាំងនឹងនិន្នាការសកលនៃការព្យាយាមរួមរស់ជាមួយវីរុសនេះ ។

ជាង៩០ភាគរយនៃអ្នកស្រុក៦០០.០០០នាក់ របស់ម៉ាកាវត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែនេះគឺជាលើកទី១ហើយដែលទីក្រុងត្រូវដោះស្រាយ ជាមួយនឹងវីរុសបំប្លែងខ្លួន Omicron ដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ។

អតីតអាណានិគមព័រទុយហ្គាល់មួយនេះ មានមន្ទីរពេទ្យសាធារណៈតែមួយគត់សម្រាប់អ្នករស់នៅ ជាង៦០០.០០០នាក់ ហើយប្រព័ន្ធវេជ្ជសាស្រ្តរបស់ក្រុងនេះ បានបង្កើតកន្លែងសម្រាប់ធ្វើការព្យាបាលរួចហើយមុនពេលការផ្ទុះឡើង នៃមេរោគនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top