ព័ត៌មានអន្តរជាតិ

យន្តហោះអ៊ុយក្រែន ដឹកគ្រាប់មីន បានធ្លាក់នៅក្នុងប្រទេសក្រិក 

បរទេស៖ អាជ្ញាធរប្រទេសស៊ែប៊ី បានបញ្ជាក់ថា យន្តហោះដឹកទំនិញមួយគ្រឿង របស់អ៊ុយក្រែនផ្ទុកទំនិញទម្ងន់ ១១,៥តោន បានធ្លាក់នៅតំបន់ Kavala ភាគខាងជើងប្រទេសក្រិក ក្នុងពេលដែលកំពុងធ្វើដំណើរ ទៅកាន់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ។

យន្តហោះដឹកទំនិញ បានដឹកគ្រាប់ផលិតពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស នៅពេលវាបានធ្លាក់ សម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះ Antonov An-12 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន Meridian បានរាយការណ៍ពីបញ្ហាម៉ាស៊ីន និងបានស្នើសុំចុះចតជាបន្ទាន់មិនយូរប៉ុន្មាន មុនពេលសាក្សីនិយាយថា យន្តហោះស្រាប់តែបានផ្ទុះ នៅក្នុងចំការពោតមួយកន្លែង ស្ថិតនៅខាងក្រៅទីក្រុងនៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក។

យន្តហោះបានហោះចេញពីអាកាសយានដ្ឋាន Nis ក្នុងប្រទេសស៊ែប៊ី នៅម៉ោងប្រហែល ៨៖៤០នាទីយប់ ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយក្រិកបានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍បានបាត់បង់ សញ្ញារបស់យន្តហោះភ្លាមៗ បន្ទាប់ពីអ្នកបើកបរបានស្នើសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Kavala ដោយលើកឡើងពីបញ្ហាម៉ាស៊ីន។

អគ្គនាយកក្រុមហ៊ុន Meridian លោក Denys Bogdanovych បានច្រានចោលការរំពឹងទុកថា សព្វាវុធមានគោលដៅសម្រាប់ភាគីណាមួយនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់សារព័ត៌មាន Reuters ថា “នេះមិនទាក់ទងនឹងអ៊ុយក្រែន ឬរុស្ស៊ីទេ” ។ 

យោងតាមរដ្ឋមន្ត្រីការពារជាតិលោក Nebojsa Stefanovic បានឱ្យដឹងថា ទំនិញនោះជារបស់ពាណិជ្ជករអាវុធស៊ែប៊ី លោក Valir ។ មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ និងស៊ែប៊ីបានបញ្ជាក់ថា សមាជិកនាវិកទាំង ៨ នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top