ព័ត៌មានអន្តរជាតិ

រលកកំដៅ បន្តសម្លាប់មនុស្ស ជាច្រើនរយនាក់ ទាំងនៅអេស្បាញ និងប៉ទុយហ្គាល់

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា មនុស្សរាប់រយនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិរលកកំដៅ ដែលកំពុងវាយប្រហារ នៅក្នុងប្រទេសអេស្បាញ និងប្រទេសប៉ទុយហ្គាល់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយប្លុកអឺរ៉ុបទាំងមូល កំពុងបន្តរងគ្រោះដោយសារសីតុណ្ហភាព កំដៅឡើងលើស៤០អង្សារនៅឡើយ។

ទិន្នន័យដែលត្រូវបានបង្ហាញ ដោយវិទ្យាស្ថានសុខភាពអេស្បាញ Carlos III បានឲ្យដឹងថា នៅក្នុងប្រទេសអេស្បាញ អ្នកស្លាប់មានចំនួនកើនឡើង ទៅដល់៥១០នាក់ គិតចាប់ពីចន្លោះថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដាហើយ នៅក្នុងតំបន់ខ្លះសីតុណ្ហភាព បានកើនឡើង ទៅដល់៤៣អង្សារ និងបានបង្កទៅជាហេតុការណ៍ភ្លើងឆេះព្រៃ ខូចខាតប្រហែលជា ១២០០០ទៅ១៥០០០ហិកតាមកហើយ។

ដោយឡែកនៅប៉ទុយហ្គាលវិញ អាកាសធាតុក្តៅខ្លាំងបែបនេះ បានឆក់យកជីវិតពលរដ្ឋរបស់ខ្លួន ប្រមាណជា៦៥៩នាក់ផងដែរ គិតត្រឹមសប្តាហ៍កន្លងមក ដែលភាគច្រើនសុទ្ធតែជាមនុស្សចាស់ ហើយក៏មានកើតឡើងជាភ្លើងឆេះព្រៃ។

ក្រៅពីនោះប្លុកអឺរ៉ុបផ្សេងទៀត ដូចជានៅបារាំងអង់គ្លេស និងក្រិកក៏កំពុងរងគ្រោះខ្លាំងដែរ ជាមួយនឹងសិតណ្ហភាពជាង៤០ដឺក្រេ និងជាកំណត់ត្រាមិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ១៩២២៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top