Djed Spence បានក្លាយជាកីឡាករទី៦ Spurs នាំចូលក្នុងរដូវក្ដៅនេះ ប៉ុន្តែលោក Antonio Conte បញ្ជាក់ថា គេមិនមែនជាកីឡាករដែលលោកសម្រេចចិត្តទិញឡើយ ។
Spurs បានបញ្ចប់ការផ្ទេរ ខ្សែការពារស្ដាំវ័យ២១ឆ្នាំ ពីក្លឹប Middlesbrough កាលពីម្សិលមិញ ដោយផ្ដល់កុងត្រា រយៈពេល៥ឆ្នាំ ជាមួយតម្លៃខ្លួន២០លានផោន។ យ៉ាងណាមិញ សម្រាប់កីឡាករចំណូលថ្មីរូបនេះ អ្នកចាត់ការ Conte បានបញ្ជាក់ថា Spurs គឺជាអ្នកសម្រេចចិត្តទិញ Spence ដោយខ្លួនឯងមិនមែនលោកឡើយ ។ តែមិនជាបញ្ហាធំទេ ដោយសារតែគេនៅក្មេង ហើយអាចក្លាយជាកីឡាករល្អ សំខាន់សម្រាប់ក្លឹប ។
ក្រុមមាន់ខ្នាយមាស កំពុងតែមមាញឹកទិញ កីឡាករថ្មីចូល បន្ទាប់ពីរដូវកាលមុនបញ្ចប់ នៅចំណាត់ថ្នាក់លេខ៤ ក្នុងលីគមានកៅអីទៅលេងនៅ Champions League រដូវកាលក្រោយ។ Spurs បានចំណាយដល់ទៅ៦០លានផោន ទិញយកខ្សែប្រយុទ្ធ Richarlison ពី Everton និង៣០លានផោនទៀតផ្ទេរយកខ្សែបម្រើ Yves Bissouma ពីក្លឹប Brighton ។
ជាមួយគ្នានេះដែរ ពួកគេបាននាំយកខ្សែបម្រើ Ivan Perisic ផ្លាស់ពី Inter Milan និងអ្នកចាំទី Fraser Forster ពី Southampton ដោយគ្មានតម្លៃខ្លួនដូចគ្នា។ Spurs ក៏បានខ្ចីជើងខ្សែ ការពារសញ្ជាតិបារាំង Clement Lengle ពី Barcelona ជាមួយលក្ខខណ្ឌទិញផ្ដាច់ នៅពេលអនាគត៕