បរទេស ៖ សារព័ត៌មាន The Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ព្រះអង្គម្ចាស់ Charles របស់ចក្រភពអង់គ្លេស “បានធានាដោយផ្ទាល់” នូវការបរិច្ចាគចំនួន ១ លានផោន (១,២ លានដុល្លារ) ដល់អង្គការសប្បុរសធម៌ របស់លោកពីគ្រួសារ Osama bin Laden ក្នុងឆ្នាំ ២០១៣ ។ ព្រះអង្គម្ចាស់នៃប្រទេសវែល ទើបតែត្រូវបានពិនិត្យពិច័យនាពេលថ្មីៗនេះសម្រាប់ការយក “កាបូបលុយ” ពីគ្រួសាររាជវង្សកាតា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពរបស់កាសែតបានអះអាងថា Charles “បានទូទាត់កំរៃជើងសារ” បន្ទាប់ពីកិច្ចប្រជុំឯកជនមួយជាមួយ Bakr និង Shafiq bin Laden នៅឯគេហដ្ឋានរបស់លោក Clarence House នៅទីក្រុងឡុងដ៍ ក្នុងខែតុលា ឆ្នាំ ២០១៣ ។ Bakr និង Shafiq គឺជាបងប្អូនបង្កើតរបស់ Osama Bin Laden ដែលជាមេដឹកនាំអាល់កៃដា និងជាមេក្លោង វាយប្រហារភេរវកម្ម នៅអាមេរិក ១១កញ្ញា ដែលត្រូវបានបាញ់ សម្លាប់ដោយកងកម្លាំងពិសេស របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន ពីរឆ្នាំមុនពេលកិច្ចប្រជុំ។
យោងតាមកាសែត The Times ព្រះអង្គម្ចាស់ Charles បានយល់ព្រម ចំពោះការបរិច្ចាគនេះ បើទោះបីជាមានការជំទាស់ពីបុគ្គលិករបស់លោក និងមូលនិធិសប្បុរសធម៌ Prince of Wales (PWCF) ក៏ដោយ ។ ព្រះអង្គម្ចាស់ Charles ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសមិនប្រគល់ ប្រាក់មកវិញទេ ព្រោះការធ្វើដូច្នេះនឹងធ្វើឱ្យបងប្អូនអាម៉ាស់។
ទោះយ៉ាងណាក៏ដោយ ប្រធាន PWCF លោក Sir Ian Cheshire បានប្រាប់កាសែតថា អ្នកទទួលបន្ទុករបស់អង្គការ សប្បុរសធម៌ទាំងប្រាំ “បានយល់ព្រមទាំងស្រុង” ដើម្បីទទួលយកការបរិច្ចាគនេះ បន្ទាប់ពីស្តាប់ការព្រួយបារម្ភ ។ ប្រភពមួយផ្សេងទៀត បានប្រាប់កាសែត The Guardian ថា ព្រះអង្គម្ចាស់មិនត្រូវបានជំរុញឱ្យប្រគល់ប្រាក់នេះទេ ហើយបានជំទាស់នឹងការលើកឡើងដែលថាព្រះអង្គបានចុះកិច្ចព្រមព្រៀងផ្ទាល់។
គណៈកម្មាការសប្បុរសធម៌ របស់ចក្រភពអង់គ្លេស បានទម្លាក់ការស៊ើបអង្កេត កាលពីសប្តាហ៍មុន លើការបរិច្ចាគ ជាច្រើនលានផោន ដែលធ្វើឡើងដោយគ្រួសារ រាជវង្សកាតាដល់ PWCF ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ កាលពីខែមុនថា ព្រះអង្គម្ចាស់ Charles បានទទួលកាបូប ពេញដោយសាច់ប្រាក់សរុបជាង ២,៥ លានផោន (៣,០៧ លានដុល្លារ) ក្នុងអំឡុងពេលជួបជាមួយ Sheikh Hamad bin Jassim bin Jaber al Thani ចន្លោះឆ្នាំ ២០១១ និង ឆ្នាំ២០១៥ ។ Al Thani បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាតា រវាងឆ្នាំ ២០០៧ និង ២០១៣៕