ភ្នំពេញ៖លោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្មីបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” នេះផ្តល់ឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឲ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឲ្យសហព័ន្ធវ៉ូវីណាមពិភពលោកបានទទួលស្គាល់ នូវអាជ្ញាកណ្តាល ចៅក្រមកម្ពុជាគឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។
លោកបានបន្តថា ការប្រកួតលើកនេះមានបណ្តាលប្រទេសចូលរួមចំនួន២៤ប្រទេសចំណែកកម្ពុជាបានត្រៀមខ្លួនរួចដើម្បីស្វាគមន៍កីឡាករ-កីឡាការិនីបរទេសក្នុងការដណ្តើមយកមេដាយជូនប្រទេសជាតិយើង ដោយសារតែការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌាយើងទទួលបានលទ្ធផលល្អ ហើយពេលនេះក៏យើងសង្ឈឹមទទួលលទ្ធផលល្អដែរ។ ការប្រកួតយើងផ្តោតសំខាន់កត្តាសក្តានុពលខ្លាំងរបស់កម្ពុជា ហើយកម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ចំនួន២លើករួចមកហើយ។
លោប្រធានថ្មីបានបន្ថែមថា ទន្ទឹមនេះបណ្តាប្រទេសនានាលើពិភពលោកជាង២៤ប្រទេស ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធពិភពលោកមានឆន្ទៈចង់ស្គាល់ ចង់ឃើញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលល្បីល្បាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដោយបណ្តាប្រទេសនានាសន្យាថា ក្រោយបញ្ចប់ការប្រកួតពួកគេចង់ដើរកម្សាន្តផងដែរ។ ជាមួយគ្នានោះ យើងកំពុងរួមគ្នាកសាងនូវបន្ថែមនូវកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ពិភពលោក និងបន្ថែមនូវការផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ ទេសចរណ៍ ជូនមិត្តអន្តរជាតិទៀតផង។
លោក ស៊ូម សារឿនអះអាងថា ព្រឹត្តិការណ៍នេះ ក៏នឹងជួយតម្រង់ទិសទាំងការរៀបចំ ទាំងការបង្កើនគុណភាពរបស់អត្តពលិកកម្ពុជាជាមួយនឹងប្រភេទកីឡាទាំងអស់ ដែលរាជរដ្ឋា ភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានត្រៀមលក្ខណៈឆ្ពោះទៅដណ្តើមភាពជោគជ័យរួមគ្នាក្នុងស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕ដោយ៖លី ភីលីព