កីឡា

ផ្សព្វផ្សាយកីឡា និងទេសចរណ៍ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹង បើកយុទ្ធនាការផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ឆ្ពោះទៅរក ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែង នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទ១៧ ធ្នូថា ក្រោមទឹសស្លោក ប្រជាជនមួយរូបលេង កីឡាមួយប្រភេទ និងបដិសណ្ឋារកិច្ចល្អកម្ពុជាស្អាតនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងសហការ ជាមួយរាជធានី ខេត្តទាំង២៥ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ចាប់ពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣តែម្ដង ។

កីឡាដែលយកមកចូលរួម ក្នុងព្រឹត្តិការណ៍នេះមានប្រភេទកីឡាមហាជនដូចជា រត់របៀបជាការហាត់ប្រាណជិះកង់ និងប្រភេទកីឡានានាជាច្រើនទៀត។ ក្រៅពីនេះនៅមាន ប្រភេទកីឡាអត្តសញ្ញាណជាតិដូចជាអុកចត្រង្គ ប្រដាល់គុនខ្មែរ និងគុនល្បុក្កតោជាដើម ។

ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍នេះ នឹងអមជាមួយចម្រៀងបែបទេសចរណ៍ ជាមួយនឹងពិធីករ ពិធីការនីដែលធ្វើអត្ថាធិប្បាយដោយភ្ជាប់ជាមួយនឹង កីឡានិងទេសចរណ៍។ តាមរយៈស៊ីហ្គេមឆ្នាំ២០២៣នេះគឺជាវេទិកាមួយ ដើម្បីផ្លាស់ប្ដូរឥរិយាបទ របស់ប្រជាជនកម្ពុជា ឲ្យវិលមកកាន់ភាពស្អាត និងស្រឡាញ់ពណ៌បៃតង ។

សម្រាប់ខេត្តមួយ ឬរាជធានីមួយនឹង រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះរយៈពេលពី ២ទៅ៣ថ្ងៃ ដែលក្នុងនោះក៏មានការចូលរួម ពីកីឡាករ កីឡាការិនីល្បីៗ ដែលដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍សីហ្គេមដែល ទើបតែបញ្ចប់ទៅថ្មីៗនេះ ។

ម្ចាស់មេដាយមាសទាំងនោះ នឹងបង្ហាញពីបទពិសោធន៍ ពីការព្យាយាមហ្វឹកហាត់ ដើម្បីឲ្យសម្រេចបាន ជោគជ័យក្នុងការប្រជែងយកមេដាយ ៕

ដោយ៖ លី ភីលីព

Most Popular

To Top