បរទេស៖ បញ្ជាការកណ្តាលរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា សមាជិកសេវាកម្មអាមេរិកបីនាក់បានរងរបួសស្រាល នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត២ដាច់ដោយឡែកពីគ្នាទៅលើកន្លែងស្នាក់នៅរបស់ទាហានអាមេរិកនៅភាគឦសានប្រទេសស៊ីរី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន CENTCOM បានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានចាប់ផ្តើមកាលពីរសៀលថ្ងៃពុធ ដោយគ្រាប់ផ្លោងបានធ្លាក់ចូលទៅក្នុងបរិវេណនៃ Mission Support Site Conoco នៅភាគឦសានប្រទេសស៊ីរី ក៏ដូចជា Mission Support Site Green Village ។ ទាហានម្នាក់នៅ Conoco បានរងរបួសស្រាល ប៉ុន្តែបានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ ខណៈទាហានពីរនាក់ទៀតកំពុងស្ថិតក្រោមការវាយតម្លៃនៅឡើយ។
CENTCOM បានបន្តថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារសងសឹកបន្ទាប់ពីការវាយប្រហារដោយប្រើឧទ្ធម្ភាគចក្រ Apache ដើម្បីកម្ទេចរថយន្ត និងឧបករណ៍ចំនួន ៣គ្រឿង ព្រមទាំងបានសម្លាប់ជនសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ២ឬ៣ នាក់ដែលត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ុក្កែតនៅមូលដ្ឋានទ័ពអាមេរិក៕