ភ្នំពេញ៖ ក្រោយពីមានការរិះគន់ ពីសំណាក់មហាជន សិល្បៈករ សិល្បៈការិនីស្ទើរទូទាំងប្រទេស តាមរយៈបណ្ដាញសង្គមទៅលើអ្នករៀនចំកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២២ ដែលបណ្ដោយឱ្យមាន ការបង្ហាញឈុតនារីបម្រើកាស៊ីណូ មានទាំងបៀរ និងអាប៉ោងនៅលើឆាក ក្នុងវគ្គប្រកួតឈុតតំណាងរាជធានី-ខេត្ត រួចមកមុននេះបវន្តិច លោកអ៊ិន សុភិន ចាងហ្វាងសផលិតកម្មមហាហង្ស ក៏ដូចជាអ្នករៀបចំកម្មវិធីខាងលើ បានចេញសេចក្ដីបំភ្លឺ ដោយក្នុងលិខិតនោះបានបង្ហាញថា ជាកង្វះខាតការត្រួតពិនិត្យ និងពិគ្រោះយោបល់ជាមុនជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ។
តាមរយៈសេចក្ដីបំភ្លឺនោះ បានឱ្យដឹងយ៉ាងដូច្នេះថា ត្បិតតែឈុតតំណាងរាជធានី-ខេត្ត របស់បេក្ខនារីជាច្រើនទទួលបានការចាប់អារម្មណ៍ និងពេញចិត្តពីសំណាក់សាធារណៈជន យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ឈុតតំណាងឱ្យក្រុងបាវិត៉ និងក្រុងប៉ោយប៉ែត ត្រូវបានក្រសួងពាក់ព័ន្ធ និងសាធារណៈជនមានប្រតិកម្ម មិនពេញចិត្តជាខ្លាំង ចំពោះការច្នៃម៉ូដ និងការសម្ដែង ដែលធ្វើឱ្យប៉ះពាល់ដល់សាវតារ ទំនៀមទម្លាប់ ប្រពៃណី កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់តំបន់ និងប្រជាជនខ្មែរ ដែលកើតឡើងដោយមិនបានគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ខ្វះការត្រួតពិនិត្យ និងពិគ្រោះយោបល់ជាមុន ជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ។
នៅក្នុងលិខិតបំភ្លឺ របស់ផលិតកម្មមហាហង្សដដែលនេះ បានឱ្យដឹងទៀតថា ដើម្បីកុំឱ្យមានបញ្ហាកើតឡើងជាថ្មីម្ដងទៀត ចំពោះឈុតទាំងពីរ(ឈុតនារីកាសាណូ – ល្បែងស៊ីសង) ត្រូវបានសម្រេចដកចេញពីកាប្រកួត ។
គួរឱ្យដឹងផងដែរថា កម្មវិធី Miss Grand Cambodia បានឈានចូលដល់វគ្គ ប្រកួតឈុតតំណាងរាជធានី-ខេត្ត ហើយ នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមការប្រកួតប្រជែងបេក្ខនារី ៣៥នាក់។ នៅក្នុងវគ្គនេះដែល កៀកជិតដល់ថ្ងៃរកម្ចាស់មកុដ ទៅហើយ ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំងពី សំណាក់ មហាជន រួមទាំងអ្នកសិល្បៈជាច្រើន ក្រោយពី Miss Grand ប៉ោយប៉ែត និង Miss Grand ក្រុងបាវិត បង្ហាញឈុតនារីបម្រើការនៅកាស៊ីណូ មានទាំងបៀរ និង អាប៉ោង មកបង្ហាញក្នុងកម្មវិធីប្រកួត ហើយផ្ទាំង LED បង្ហាញរូបភាពអង្គរវត្ត។
មហាជនអ្នកតាមដានវិស័យបវរកញ្ញា ជ្រាបមកហើយថា កម្មវិធីប្រកួត Miss Grand Cambodia ជាកម្មវិធីប្រកួតបវរកញ្ញាដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងប្រចាំប្រទេស។ ក្នុងឆ្នាំនេះទៀតសោត អ្នករៀបចំកម្មវិធី Miss Grand Cambodia គឺលោក អ៊ិន សុភិន បានរៀបចំកម្មវិធីដ៏ធំជាងឆ្នាំរាល់ដង ទាំងឆាក ទាំងបេក្ខនារីចូលរួមប្រកួត រហូតដល់៣៥នាក់ ខណៈតម្លៃមកុដក្នុងឆ្នាំនេះចំណាយរហូតដល់ ២៥ ម៉ឺនដុល្លារ ៕ ដោយ៖ ម៉ានី