ព័ត៌មានអន្តរជាតិ

តាលីបង់ ចោទប៉ាគីស្ថានថា អនុញ្ញាតឱ្យអាមេរិក ប្រើប្រាស់ដែន អាកាសរបស់ខ្លួន វាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកនៅលើទឹកដី អាហ្វហ្គានីស្ថាន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិតាលីបង់ លោក Mohammad Yaqoob បានចោទប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យថា បានអនុញ្ញាត ឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅលើទឹកដីអាហ្វហ្គានីស្ថាន។ អាជ្ញាធរក្នុងទីក្រុងអ៊ីស្លាម៉ាបាដ (ប៉ាគីស្ថាន) បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អាមេរិក នៅក្រុងកាប៊ុលក្នុងខែកក្កដា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yaqoob បានប្រាប់អ្នកយកព័ត៌មានថា ក្រុមតាលីបង់ ដែលជាក្រុមអ៊ីស្លាមសកម្មប្រយុទ្ធ ដែលបានគ្រប់គ្រង អាហ្វហ្គានីស្ថាន ចាប់តាំងពីការដកទ័ពរបស់សហរដ្ឋអាមេរិក កាលពីមួយឆ្នាំមុនមក មិនអាចតាមដាន ការរំលោភដែន អាកាសអាហ្វហ្គានីស្ថាន បានត្រឹមត្រូវទេ ខណៈដែលយោធាអាមេរិក “បានបំផ្លាញទាំងស្រុង” ហេដ្ឋារចនាសម្ព័ន្ធរ៉ាដា របស់ខ្លួន មុនពេលចាកចេញពីប្រទេសនេះ កាលពីខែសីហា ឆ្នាំ ២០២១ ។

លោកបានអះអាងថា៖ «តាមព័ត៌មានរបស់យើង យន្តហោះគ្មានមនុស្សបើកកំពុងចូលកាត់ប៉ាគីស្ថាន ទៅអាហ្វហ្កានីស្ថាន ពួកគេប្រើដែនអាកាសប៉ាគីស្ថាន»។

កន្លងមកអាជ្ញាធរប៉ាគីស្ថាន បានបដិសេធការចោទប្រកាន់ថា ពួកគេបានចូលរួមនៅ ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahiri ក្នុងទីក្រុងកាប៊ុលកាលពីខែមុន ។ ក្រុមតាលីបង់ ដែលសមាជិកបច្ចុប្បន្នកំពុងទាមទារ ឱ្យពួកគេទទួលស្គាល់ថា ជាអ្នកគ្រប់គ្រងស្របច្បាប់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានពិពណ៌នា ការវាយប្រហារ តាមអាកាសថា ជាការរំលោភលើ “គោលការណ៍អន្តរជាតិ” និងកិច្ចព្រមព្រៀងទីក្រុងដូហា ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top