ញូវយ៉ក ៖ បើយោងតាមការ ជូនដំណឹង ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស IT ចំពេលប្រាក់ដុល្លារអាមេរិក កើនឡើងធៀបនឹង រូបិយប័ណ្ណសំខាន់ៗ ផ្សេងទៀតថា ក្រុមហ៊ុន Apple Inc នឹងដំឡើងតម្លៃកម្មវិធី ដែលលក់លើផលិតផល របស់ខ្លួនក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសជប៉ុន ក៏ដូចជាតំបន់ចាយប្រាក់អឺរ៉ូ នៅខែក្រោយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីជូនដំណឹង ចុះកាលថ្ងៃច័ន្ទបាននិយាយថា រួមជាមួយនឹងកម្មវិធី សម្រាប់លក់នៅលើ iPhone និងផលិតផលផ្សេងទៀតរបស់ខ្លួន ក្រុមហ៊ុន Apple ក៏នឹងដំឡើងតម្លៃសម្រាប់ការទិញ បានធ្វើឡើងក្នុងកម្មវិធីនីមួយៗ ចាប់ពីថ្ងៃទី ៥ ខែតុលាតទៅ ។
សម្រាប់ប្រទេសជប៉ុន តម្លៃកម្មវិធីអប្បបរមា នៅលើវេទិកាលក់ App Store នឹងឡើងដល់ ១៦០យ៉េនពី ១២០យ៉េន។ សេដ្ឋកិច្ចផ្សេងទៀត ត្រូវរងផលប៉ះពាល់ មានប្រទេសឈីលី អេហ្ស៊ីប ម៉ាឡេស៊ី ប៉ាគីស្ថាន ប៉ូឡូញ កូរ៉េខាងត្បូង ស៊ុយអែត និងវៀតណាម ។
Apple នឹងមិនរាប់បញ្ចូល សេវាកម្មជាវបន្ត ដោយស្វ័យប្រវត្តិពីការផ្លាស់ប្តូរគោលការណ៍ ចុងក្រោយបង្អស់ ដោយផ្តល់ជូនអ្នកអភិវឌ្ឍន៍ នូវជម្រើសដើម្បីរក្សាតម្លៃ បច្ចុប្បន្នសម្រាប់អតិថិជន ដែលមានស្រាប់៕