ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា លោក Changpeng Zhao នាយកប្រតិបត្តិក្រុមហ៊ុន Binance បានថ្លែងឲ្យដឹងនៅក្នុងបណ្តាញសង្គម Twitter ថ្ងៃសុក្រនេះថា ក្រុម Hackers បានលួចលុយរូបិយប័ណ្ណឌីជីថល ដែលមានទឹកប្រាក់ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក ពីបណ្តាញ blockchain ភ្ជាប់នឹង Binance ។
លោក Zhao បានលើកឡើងថា និមិត្តសញ្ញាត្រូវបានលួចពី blockchain “តំណភ្ជាប់” ដែលត្រូវបានប្រើនៅក្នុង blockchain ដែលភ្ជាប់ពី Binance ហៅថា BNB Chain ដែលត្រូវបានគេស្គាល់ថា Binance Smart Chain រហូតដល់ខែកុម្ភៈ ។
តំណភ្ជាប់ Blockchain គឺជាឧបករណ៍ដែលប្រើ ដើម្បីផ្ទេររូបិយប័ណ្ណឌីជីថល រវាងកម្មវិធីផ្សេងៗទៀត ។
ដោយឡែក BNB Chain បានឲ្យដឹងនៅក្នុងបណ្តាញសង្គម Twitter ថា ការលួចចូលមានជាប់ពាក់ព័ន្ធ នឹងសញ្ញាសម្ងាត់ឌីជីថលពី ១០០លានដុល្លារទៅ ១១០លានដុល្លារអាមេរិក ដោយមិនបានបញ្ជាក់ថា និមិត្តសញ្ញាណាមួយត្រូវបាន ប៉ះពាល់នោះទេ ។
BNB Chain ក៏បានឲ្យដឹងនៅលើបណ្តាញ Twitter អំពីសកម្មភាពរបស់វាត្រូវបាន ផ្អាកមុនពេលចាប់ផ្តើមឡើងវិញ នៅម៉ោងប្រហែល ៦និង៣០នាទី ម៉ោងសកល ។
តំណភ្ជាប់ Blockchain មាននៅក្នុងប៉ុន្មានខែថ្មីៗនេះ កាន់តែក្លាយជាគោលដៅនៃការលួច ដែលបានញាំញីវិស័យ រូបិយប័ណ្ណឌីជីថល ។
នៅលើគេហទំព័រ Binance BNB Chain ត្រូវបានពិពណ៌នាថា ជា “ប្រព័ន្ធអេកូដែលជំរុញ ដោយសហគមន៍ ប្រភពបើកចំហ និងវិមជ្ឈការ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា