ក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមសង្កេតការណ៍ជាតិ កាលពីថ្ងៃសៅរ៍បានបន្តការប្រកាសអាសន្នពណ៌ទឹកក្រូច សម្រាប់គ្រោះរាំងស្ងួតនៅតំបន់ជាច្រើន នៃប្រទេសចិន។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ផ្នែកខ្លះនៃខេត្ត Zhejiang, Anhui, Hubei, Fujian, Jiangxi, Hunan, Guizhou, Guangdong, Guangxi និង Chongqing បានជួបប្រទះគ្រោះរាំងស្ងួត ពីមធ្យមទៅធ្ងន់ធ្ងរ។ មជ្ឈមណ្ឌលបាននិយាយថា តំបន់មួយចំនួននៃខេត្ត Zhejiang, Fujian, Jiangxi និង Hunan បានជួបប្រទះគ្រោះរាំងស្ងួតយ៉ាងខ្លាំង។
នេះបើយោងតាមមជ្ឈមណ្ឌលបាននិយាយថា ក្នុងរយៈពេល៣ថ្ងៃខាងមុខ ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ត្រូវបានព្យាករណ៍សម្រាប់ផ្នែកខ្លះនៃខេត្ត Henan, Hubei, Anhui, Jiangsu និង Chongqing។ ភ្លៀងទាំងនេះនឹងជួយកាត់បន្ថយគ្រោះរាំងស្ងួត ។
ទោះជាយ៉ាងណាក៏ដោយ ផ្នែកផ្សេងទៀតនៃតំបន់គ្រោះរាំងស្ងួត នឹងបន្តមានភ្លៀងធ្លាក់តិចតួច ហើយគ្រោះរាំងស្ងួតនឹងបន្តកើតមាន។ វាបានណែនាំ ដល់អាជ្ញាធរមូលដ្ឋានឲ្យប្រើប្រាស់ ប្រភពទឹកសង្គ្រោះបន្ទាន់ និងប្រភពទឹកដែលមានទាំងអស់ នៅក្នុងតំបន់របស់ពួកគេ ដើម្បីធានាការផ្គត់ផ្គង់បន្ត ជាពិសេសសម្រាប់អ្នករស់នៅ និងសត្វចិញ្ចឹម។
វាក៏បានស្នើឲ្យលើកកម្ពស់វិធានការអភិរក្សទឹកយ៉ាងតឹងរ៉ឹង និងផលិតទឹកភ្លៀងសិប្បនិម្មិត នៅពេលចាំបាច់។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុមានកូដពណ៌ចំនួនបួនជាន់ ដោយពណ៌ក្រហមតំណាងឲ្យការព្រមានធ្ងន់ធ្ងរបំផុត តាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ៕ ដោយ៖លី ភីលីព