ព័ត៌មានអន្តរជាតិ

លោក ពូទីន ចាត់ទុកថា ការបំផ្ទុះស្ពានទៅកាន់តំបន់គ្រីមៀ កឺជាសកម្មភាពភេរវកម្ម

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការបំផ្ទុះនៅលើស្ពានគ្រីមៀ គឺមិនបាច់មានការសង្ស័យទេថា នោះជាសកម្មភាពភេរវកម្ម ដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។

លោកពូទីន បានឲ្យដឹងនៅពេលជួបជាមួយប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin ថា “សេវាកម្មពិសេសរបស់អ៊ុយក្រែន គឺជាអ្នកផ្តួចផ្តើមគំនិត អ្នកធ្វើសកម្មភាព និងជាមេក្លោង” ។

បញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់លោក ពូទីន លោក Bastrykin បានលើកឡើងថា ពលរដ្ឋនៃប្រទេសរុស្ស៊ី និងប្រទេសបរទេសក៏ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះដែរ។

លោក Bastrykin បានលើកឡើងថា “យើងបានបង្កើតផ្លូវនៃឡានដឹកទំនិញ ដែលបានផ្ទុះរួចហើយ។ វាបានបើកឆ្លងកាត់ប្រទេសប៊ុលហ្គារី ហ្សកហ្ស៊ី អាមេនី អូសេទីខាងជើង និងដែនដី Krasnodar” ។

លោកបន្ដថា “យើងក៏បានកំណត់អត្តសញ្ញាណក្រុមហ៊ុនដឹកជញ្ជូន ដោយមានជំនួយពីភ្នាក់ងារ FSB (Federal Security Service) យើងអាចកំណត់អត្តសញ្ញាណជនសង្ស័យក្នុងចំណោមអ្នកដែលអាចរៀបចំអំពើភេរវកម្ម និងអ្នកដែលធ្វើសកម្មនៅក្នុងសហព័ន្ធរុស្ស៊ី”។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ការបំផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវពីរស្របគ្នាសម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Kerch៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top