សិល្បៈ និង កម្សាន្ត

ផ្អាកសិល្បៈជិត២០ឆ្នាំអតីតតារាសម្តែង នារី រ័ត្នគន្ធា ត្រៀមបង្ហាញខ្លួន ក្នុងខ្សែភាពយន្តខ្នាតធំ

ភ្នំពេញ ៖ អតីតតារាសម្តែង នារី រ័ត្នគន្ធា បានចាកចេញពីសិល្បៈជិត២០ឆ្នាំមកហើយ ធ្វើឱ្យមហាជន ទើរតែភ្លេចមុខ តារាសម្តែងដ៏ល្បីឈ្មោះរូបនេះ យ៉ាងណាទស្សនិកជន នឹងបានឃើញពីទេពកោសល្យ អ្នកស្រី នារី រ័ត្នគន្ធា ម្តងទៀត បន្ទាប់ពីផ្អាកសិល្បៈជិត ពីរទសវត្សរ៍នៅក្នុងខ្សែភាពយន្តខ្នាតធំ ក្រោយការដឹកនាំរបស់ផលិតករឯកឧត្តម ហ្វៃ សំអាង ។

ខ្សែភាពយន្តខ្នាតធំរឿង «អប្សរាមហាអង្គរ» ដែលដឹកនាំ ដោយផលិតករដ៏ល្បី ឯកឧត្តមហ្វៃ សំអាង មានការចូលរួមសម្តែង ពីសំណាក់តារាល្បីប្រុសស្រី ជាច្រើនជំនាន់រួមមានទាំងបវរកញ្ញាផងដែរ ។ ក្រៅពីវត្តមានតារាសម្តែង ដ៏មានប្រជាប្រិយល្បីៗជាច្រើនរូបនោះ ផលិតករឆ្នើមរូបនេះក៏បានបង្ហើបប្រាប់ថា អ្នកស្រី នារី រ័ត្នគន្ធា ក៏បានចូលរួមសម្តែង នៅក្នុងភាពយន្តខ្នាតធំនេះផងដែរ ។

តាមការលើកឡើងរបស់ឯកឧត្តម ហ្វៃ សំអាង បានឱ្យដឹងថា នៅក្នុងរឿង អប្សរាមហាអង្គរ អ្នកស្រី នារី រ័ត្នគន្ធា ត្រូវសម្តែងជាតួអង្គដែលមានឈ្មោះថា ជម្ពូ ជាស្ត្រីដែលមានចំណេះដឹងខាងមេផ្ទះ មានរបៀបរៀបរយអប់រំមនុស្សនៅជុំវិញខ្លួន និងជាស្ត្រីរក្សាភាពក្រមុំព្រហ្មចារីរហូតដល់អាយុជាងហាសិប ដែលបានខាបបេះដូងលោកសេដ្ឋី ម៉ៅស្វិតឈ្មោះ បរិបូណ៌ដែលសម្ដែងដោយនាយក្រឹម លង់ស្នេហ៍យ៉ាងរោលរាល។

បន្ទាប់ពីទម្លាយថា តារាសម្តែងល្បីឈ្មោះអំឡុងទសវត្សរ៍ ៨០-៩០ ចូលរួមសម្តែង ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងសម្រាប់ការវិលត្រឡប់មកវិញ របស់ នារី រ័ត្នគន្ធា ក្រោយអក់ខានបំរើអារម្មណ៍មហាជនជិត ២០ឆ្នាំ៕

ដោយ៖ ម៉ានី

Most Popular

To Top