គៀវ៖ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានឲ្យដឹងថា ខ្លួនបានចាប់ “ភ្នាក់ងាររុស្ស៊ី” ដែលតាមមើលទៅបានកំពុងធ្វើចារកម្ម លើប្រព័ន្ធកាំភ្លើងធំធុនធ្ងន់របស់អ៊ុយក្រែន ប្រភេទ HIMARS នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
កាលពីថ្ងៃសៅរ៍ SBU បានបង្ហោះរូបថតចំនួន ៤ សន្លឹកទៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនដែលបង្ហាញពីបុរសម្នាក់ ត្រូវបានចាប់ខ្លួនដោយទាហានអ៊ុយក្រែនពីរនាក់ ជនសង្ស័យកំពុងត្រូវបានសួរចម្លើយ។
ប្រភពបានឲ្យដឹងថា ” SBU បានឃាត់ខ្លួនភ្នាក់ងាររុស្ស៊ីម្នាក់ ដែលកំពុងធ្វើចារកម្មលើមុខតំណែង នៃប្រព័ន្ធកាំភ្លើងធំ HIMARS និងឧបករណ៍បំផ្ទុះ M777 រយៈចម្ងាយឆ្ងាយ ក្នុងទិសដៅភាគខាងត្បូង” ។
សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធរ៉ុក្កែត HIMARS ចំនួន ២០គ្រឿង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមជាមួយនឹង ១៨ផ្សេងទៀត ដែលបានសន្យានៅក្នុងខែកញ្ញា។
គួរបញ្ជាក់ថា ប្រព័ន្ធបាញ់កាំភ្លើងធំ HIMARS ដែលអាចវាយប្រហារ គោលដៅចម្ងាយ ៥០ម៉ាយល៍ត្រូវបានប្រើប្រាស់ ដោយកងកម្លាំងអ៊ុយក្រែន ដើម្បីវាយលុកយ៉ាងល្អ នៅពីក្រោយជួរមុខរបស់រុស្ស៊ី រួមទាំងការកំណត់គោលដៅបញ្ជាការ និងឃ្លាំងផ្គត់ផ្គង់៕ ប្រែសម្រួល ឈូក បូរ៉ា