គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិ Harimau Malaya របស់ម៉ាឡេស៊ីនឹងប្រកួតមិត្តភាពជាមួយកម្ពុជា និងម៉ាល់ឌីវដើម្បីកម្តៅសាច់ដុំ មុនយុទ្ធនាការពានរង្វាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ឆ្នាំ ២០២២ ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែធ្នូ។
ក្រុមHarimau Malaya នឹងត្រូវប៉ះកម្ពុជានៅថ្ងៃទី ៩ ខែធ្នូនៅពហុកីឡដ្ឋានជាតិ Bukit Jalil ខណៈ ពួកគេប៉ះម៉ាល់ឌីវនៅថ្ងៃទី ១៤ ខែធ្នូនៅកីឡដ្ឋាន Kuala Lumpur ក្នុង Cheras ។ គ្រូបង្វឹកលោក Kim Pan-gon បាននិយាយបន្ទាប់ពីបានពិភាក្សា ជាមួយក្រុមផ្សេងទៀត និងវាយតម្លៃផ្ទៃក្នុងពីទិដ្ឋភាពផ្សេងៗរួចមក ទីបំផុតការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីទទួលយកការអញ្ជើញពីក្រុមជម្រើសជាតិកម្ពុជា និងប្រទេសម៉ាល់ឌីវ សម្រាប់ការប្រកួតអន្តរជាតិលំដាប់ទី១ មាន២ប្រកួត។
លោកបាននិយាយលើសេចក្តីថ្លែងការណ៍មួយថា ទោះបីជាក្រុមទាំង២មានចំណាត់ថ្នាក់ទាបជាងក្រុម Harimau Malaya ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ១៤៦លើពិភពលោកជាមួយនឹងកម្ពុជា នៅចំណាត់ថ្នាក់ទី ១៧៧ និង Maldives នៅចំណាត់ថ្នាក់ទី ១៥៤ ក៏ដោយ ការជ្រើសរើសគឺផ្អែកលើការប្រកួត របស់ក្រុមក្នុងអំឡុងពេលយុទ្ធនាការ AFF Cup 2022 ។
ក្រុមជម្រើសជាតិចាប់ផ្តើមយុទ្ធនាការ AFF Cup ពូល B របស់ពួកគេក្នុងការប្រកួតក្រៅដី ជាមួយមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់ទី ១៥៨) នៅថ្ងៃទី ២១ ខែធ្នូ មុនពេលប៉ះឡាវ (ចំណាត់ថ្នាក់លេខ ១៨៧) នៅថ្ងៃទី ២៤ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ។ បន្ទាប់មកពួកគេត្រូវជួបជាមួយវៀតណាម (ចំណាត់ថ្នាក់ទី ៩៦) ក្នុងការប្រកួតក្រៅដីនៅថ្ងៃទី ២៧ ខែធ្នូ បន្ទាប់មកការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេជាមួយនឹងក្រុមសិង្ហបុរី (ចំណាត់ថ្នាក់ទី ១៦០) នៅថ្ងៃទី ៣ ខែមករា។
កម្ពុជាគឺជាក្រុមមួយក្នុងចំណោមក្រុមក្នុងពូល A ហើយការជ្រើសរើសរបស់ពួកគេ សម្រាប់ការប្រកួតមិត្តភាព ដើម្បីកំណត់ការកែលម្អក្នុងក្រុមបន្ទាប់ពីជំរុំហ្វឹកហាត់កណ្តាល។ លោកបានបន្តថា យើងបានប្រកួតជាមួយថៃ និងហ្វីលីពីនក្នុងឆ្នាំនេះ ហើយយើងជឿជាក់ថា កម្ពុជានឹងល្អសម្រាប់ការរៀបចំរបស់យើង។
Harimau Malaya បានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ២-០ កាលខែមីនានៃព្រឹត្តិការណ៍ FAS Tri-Nations Series ខណៈពួកគេបានឈ្នះក្នុងការស៊ុតបាល់ប៉េណាល់ទីទល់នឹងថៃ កាលខែកញ្ញានៃព្រឹត្តិការណ៍ King’s Cup។
ទោះបីជាម៉ាល់ឌីវមិនមែនមកពីអាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែពួកគេគឺជាជើងឯក២សម័យកាល នៃសហព័ន្ធបាល់ទាត់អាស៊ីខាងត្បូង (SAFF) Cup ដោយឈ្នះកាលឆ្នាំ ២០០៨ និង ២០១៨ ក៏ដូចជាមានទម្រង់លេងស្រដៀងគ្នា ទៅនឹងក្រុមអាស៊ីអាគ្នេយ៍ផ្សេងទៀត៕ ដោយ៖លី ភីលីព